(បរទេស)៖ កេរ្តិ៍ឈ្មោះរបស់អ្នកសិល្បៈគ្រប់រូប មិនមែនផ្តោតសំខាន់តែទៅលើការបង្ហាញខ្លួន ជាញឹកញាប់នៅលើកញ្ចក់ទូរទស្សន៍នោះទេ ក៏ប៉ុន្តែក៏សំដៅទៅលើការទទួលបាន ការចាប់អារម្មណ៍ និងការគាំទ្រពីមនុស្សក្នុងប្រទេស និងក្រៅប្រទេស រហូតដល់ល្បីល្បាញត្រូវបានគេស្គាល់ជុំវិញពិភពលោកផងដែរ។ កត្តាទាំងនេះ ក៏ជំរុញឲ្យពួកគេទទួលបានប្រាក់ចំណូលច្រើនសន្ធឹកសន្ធាប់ ពីការងាររបស់ពួកគេផងដែរ។ ហេតុដូច្នេះហើយ ថ្ងៃនេះ Fresh News Plus សូមនាំអារម្មណ៍ប្រិយមិត្តអ្នកអាន មកស្គាល់តារាទូរទស្សន៍ទាំង១០រូប ដែលមានប្រាក់ច្រើនបំផុត ប្រចាំឆ្នាំ២០២១នេះ។

ខាងក្រោមនេះ គឺជាតារាទូរទស្សន៍លំដាប់ពិភពលោក ទាំង១០រូប ដែលមានប្រាក់ច្រើនបំផុត៖

ទី១៖ លោក Silvio Santos មានប្រាក់ ១.៣ពាន់លានដុល្លារអាមេរិក។ លោកត្រូវបានគេដឹងថា ជាបុគ្គលទី៣៥ ដែលមានប្រាក់ច្រើនបំផុតក្នុងប្រទេសប្រេស៉ីល និងទី១១០៧ ក្នុងចំណោមមហាសេដ្ឋីមានប្រាក់ច្រើនបំផុតលើពិភពលោក។ លោក Silivo Santos មានសញ្ជាតិប្រេស៉ីល បច្ចុប្បន្នមានវ័យ ៩០ឆ្នាំ និងមានកូន៦នាក់។

ទី២៖ Kim Kardashain មានប្រាក់៧៨០លានដុល្លារអាមេរិក។ អតីតភរិយារបស់តារារ៉េបល្បី Kanye West រូបនេះ មិនត្រឹមតែជាតារាទូរទស្សន៍នោះទេ ថែមទាំងជាតារាម៉ូដែល និងជាអ្នកជំនួញល្បីម្នាក់ នៅសហរដ្ឋអាមេរិកផងដែរ។ នាងគឺជាតារាទូរទស្សន៍ល្បី ដែលមានគេតាមដានច្រើនបំផុតនៅលើពិភពលោក។ តារាស្រីរូបនេះ មានសញ្ជាតិអាមេរិក និងបច្ចុប្បន្នមានវ័យ៤០ឆ្នាំ និងមានកូន៤នាក់។

ទី៣៖ លោក Simon Cowell មានប្រាក់៥៥០លានដុល្លារអាមេរិក។ លោកត្រូវបានទស្សនិកជនទូទាំងពិភពលោកស្គាល់ កាន់តែច្រើនតាមរយៈការធ្វើជាគណៈកម្មការក្នុងកម្មវិធីលំដាប់ពិភពលោក «The X Factor», «American Idol» និង «Britain’s Got Talent» ជាដើម។ លោក គឺជាអ្នកផលិតកម្មវិធីទូរទស្សន៍ដ៏ល្បីម្នាក់ ដែលមានសញ្ជាតិអង់គ្លេស និងបច្ចុប្បន្នមានអាយុ៦១ ឆ្នាំ និងមិនទាន់រៀបការនោះទេ។

ទី៤៖ លោក David Letterman មានប្រាក់៤២៥លានដុល្លារអាមេរិក។ លោក គឺជាអ្នករៀបចំកម្មវិធីបែប Talk Show មួយឈ្មោះថា «Late night television talk show», កម្មវិធី «Late Show with David Letterman» ដែលផ្សាយនៅលើទូរទស្សន៍ CBS។ លោកបានបង្ហាញវត្តមានក្នុងកម្មវិធី «Late night television talk show» តាំងពីឆ្នាំ១៩៨២មកម្ល៉េះ។ លោក David Letterman មានវ័យ៧៤ឆ្នាំ មានសញ្ជាតិអាមេរិក និងមានកូនម្នាក់។

ទី៥៖ លោក Jamie Oliver មានប្រាក់៤០០លានដុល្លារអាមេរិក។ មិនត្រឹមតែជាតារាទូរទស្សន៍ដ៏មានប្រជាប្រិយភាពនោះទេ លោកថែមទាំងជាចុងភៅ និងអ្នកធ្វើការក្នុងភោជ្ជនីយដ្ឋានដ៏ប្រសព្វម្នាក់ផងដែរ។ លោក Jamie Oliver មានវ័យ៤៥ឆ្នាំ មានសញ្ជាតិអង់គ្លេស និងបច្ចុប្បន្នមានកូន៥នាក់។

ទី៦៖ លោក Dr. Phil McGraw មានប្រាក់ ៤០០លានដុល្លារអាមេរិក។ ក្រៅពីជាពិធីករទូរទស្សន៍ល្បីឈ្មោះ, កាលពីឆ្នាំ១៩៩៥ លោកគឺជាអ្នកប្រឹក្សាផ្នែកច្បាប់មួយរូប និងអ្នកសរសេរសៀវភៅផងដែរ។ បច្ចុប្បន្នលោកមានវ័យ៧០ឆ្នាំ មានសញ្ជាតិអាមេរិក និងមានកូន២នាក់។

ទី៧៖ Ryan Seacrest មានប្រាក់ ៣៧៥លានដុល្លារអាមេរិក។ លោកគឺជាពិធីករទាំងផ្នែកទូរទស្សន៍ និងវិទ្យុ ទស្សនិកជនភាគច្រើនស្គាល់លោក តាមរយៈការធ្វើជាពីធីករក្នុងកម្មវិធី «American Idol», និងកម្មវិធីព័ត៌មាន «E News» ជាដើម។ បច្ចុប្បន្នលោកមានអាយុ៤៦ឆ្នាំ មានសញ្ជាតិអាមេរិក និងមិនទាន់រៀបការនោះទេ។

ទី៨៖ លោកស្រី Ellen DeGeneres មានប្រាក់៣៣០ លានដុល្លារអាមេរិក។ ម្ចាស់ពាន Emmy Award រូបនេះប្រហែលជាជាប់ឈ្មោះជាបុគ្គលដែលមានប្រជាប្រិយភាពបំផុតក្នុងកម្មវិធី TV talk Show នាពេលបច្ចុប្បន្ន ព្រោះនាងមិនត្រឹមតែជាពិធីការិនីទូរទស្សន៍ប៉ុណ្ណោះទេ ថែមទាំងជាតារាសម្តែងស្រីដ៏ល្បីផងដែរ។ បច្ចុប្បន្នតារារូបនេះមានវ័យ៦៣ឆ្នាំ និងមានសញ្ជាតិអាមេរិក។

ទី៩៖ លោកស្រី Kathy Hilton មានប្រាក់៣០០លានដុល្លារអាមេរិក។ លោកស្រី គឺជាពីធីការិនី និងជាតារាសម្តែងមួយរូបផងដែរ។ បច្ចុប្បន្នលោកស្រីមានវ័យ៦២ឆ្នាំ មានសញ្ជាតិអាមេរិក និងមានកូន៤នាក់។

ទី១០៖ លោក Daymond John មានប្រាក់ ២៥០លានដុល្លារអាមេរិក។ បច្ចប្បន្ននេះលោកត្រូវបានគេស្គាល់ថា ជាសហគ្រិន, អ្នកនិពន្ធ, វាលគ្មិនលើកទឹកចិត្ត, អ្នកវិនិយោគ និងតារាទូរទស្សន៍។ បច្ចុប្បន្នលោកមានវ័យ៥២ឆ្នាំ និងមានសញ្ជាតិអាមេរិក៕