(ចិន)៖ ព្រះរាជអាជ្ញាទីក្រុងប៉េកាំង បានប្ដឹងប្រឆាំងនឹងក្រុមហ៊ុន WeChat ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងកម្សាន្តយក្សរបស់ចិន Tencent ដោយបានចោទប្រកាន់ថា បណ្ដាសង្គម WeChat មិនគោរពទៅតាមច្បាប់ការពារអនីតិជន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។

បណ្ដឹងផលប្រយោជន៍សាធារណ:មួយនេះ ត្រូវបានព្រះរាជអាជ្ញាលើកឡើងថា មុខងារ «youth mode» នៅលើកម្មវិធី WeChat មិន បាន គោរពតាមច្បាប់របស់ប្រទេសចិន ប៉ុន្តែយោងតាមឯកសារនៃពាក្យបណ្ដឹងមិនបានបញ្ជាក់ថា «youth mode» នេះខុសច្បាប់ត្រង់ ចំណុចណានោះទេ ហើយនៅពេលនេះ ខាងក្រុមហ៊ុន WeChat និងមេធំ Tencent ក៏មិនទាន់មានប្រតិកម្មអ្វីដែរ។

មុខងារ «youth mode» នៅលើកម្មវិធី WeChat ត្រូវបានគេប្រើប្រាស់សម្រាប់យុវវ័យក្នុងការចូលទៅលេងហ្គេម, ការទូទាត់ប្រាក់ និង ការស្វែងរកមិត្តភ័ក្តិដែលនៅជិតៗបំផុត ដែលវាមើលទៅហាក់ដូចជាគ្មានអ្វីខុសនឹងច្បាប់នោះទេ។

អាជ្ញាធរចិនបានអំពាវនាវឱ្យអនីតិជនត្រូវបានការពារឱ្យប្រសើរជាងមុន ពីគ្រោះថ្នាក់តាមអ៉ីនធើណេត និងបានរិះគន់ទៅលើឧស្សាហកម្មវីដេអូហ្គេម ក៏ដូចជាវេទិកាអនឡាញជាច្រើនទៀតពាក់ព័ន្ធនឹងការការពារអនីតិជន។

ក្រុមហ៊ុន Tencent ថ្មីៗនេះបានធ្វើការកែទម្រង់នូវគោលការសម្រាប់ការលេងហ្គេម និង ការកម្សាន្តនៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយក្នុងនោះគឺផ្ដោតលើកុមារមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បណ្ដាញសង្គម និងការលេងហ្គេមឡើយ។

នៅក្នុងរយ:ពេលមួយឆ្នាំក្រោយនេះ រដ្ឋាភិបាលចិនបានចាប់ផ្ដើមអនុវត្តវិធានការប្រឆាំងអំពើពុករលួយលើ ក្រុមហ៊ុនយក្សៗរបស់ខ្លួន ដោយកាលពីប៉ុន្មានខែមុនបានផាកពិន័យក្រុមហ៊ុន Alibaba នូវទឹកប្រាក់ជាង ២.៧ពាន់លានដុល្លារអាមេរិក ពាក់ព័ន្ធករណីប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនធ្វើការប្រកួតប្រជែងដោយភាពមិនស្មោះត្រង់ ចំណែកក្រុមហ៊ុន Tencent ក៏កំពុងតែត្រូវបាន រដ្ឋាភិបាលចិនគៀបសង្កត់បណ្ដើរៗផងដែរ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីរដ្ឋាភិបាលអនុវត្តវិធានការប្រឆាំងអំពើពុករលួយលើ ក្រុមហ៊ុនលើក្រុមហ៊ុន Tencent បានធ្វើឱ្យលោក លោក Ma Huateng ដែលមនុស្សភាគច្រើនបានស្គាល់ថា Pony Ma ជាស្ថាបនិកក្រុមហ៊ុនប Tencent បានខាតបង់ប្រាក់រហូតដល់ ១៤ពាន់លានដុល្លារ និងបានធ្លាក់មកនៅលេខរៀងទី៣ នៃកំពូលមហាសេដ្ឋីចិនដែលមានទ្រព្យច្រើនជាងគេបំផុត៕