(កូរ៉េ)៖ ត្បិតថាជំងឺកូវីដ-១៩ បានធ្វើឲ្យពិភពលោកទាំងមូលជួបប្រទះនឹងបញ្ហាជាច្រើន ជាពិសេសផ្នែកសិល្បៈ ត្រូវបានរងការគំរាមគំហែងយ៉ាងណាក៏ដោយ តែតារាចម្រៀងស្រី Solar សមាជិកក្រុមចម្រៀងនារី MAMAMOO នៅតែមិនខ្វះប្រាក់ ទិញអាគារទំនើបៗ ក្នុងតំបន់មានសក្តានុពល។ ជាក់ស្តែង ថ្មីៗនេះនាង ត្រូវបានរាយការណ៍មកថា បានទិញអាគារមួយកន្លែងនៅតំបន់ Shinchon ទីក្រុងសេអ៊ូល ដែលមានតម្លៃ ៤.៥ពាន់លានវ៉ុន (ប្រមាណជាង ៣.៩លានដុល្លារអាមេរិក)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន allkpop នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។
បើតាមរបាយការណ៍ថ្មីមួយ ដែលបញ្ចេញនៅថ្ងៃទី០៩ ខែសីហា នេះបានឲ្យដឹងថា តារាចម្រៀងល្បី Solar បានធ្វើកិច្ចសន្យាទិញអាគារមួយកន្លែងក្នុងទីក្រុងសេអ៊ូល ជាមួយតម្លៃ ៣,៩៣០,៦៤៦ដុល្លារអាមេរិក។ ទីតាំងអាគារនោះ ត្រូវបានគេដឹងថា ជាកន្លែងពាណិជ្ជកម្មដ៏មានសក្តានុពល និងចំណាយរយៈពេលដើរតែ៣នាទីប៉ុណ្ណោះ ទៅដល់ស្ថានីយ Shinchon។ អាគារដែលតារាស្រី Solar សមាជិកក្រុមចម្រៀងនារី MAMAMOO បានទិញនោះ ត្រូវបានគេដឹងថា មានកម្ពស់៤ជាន់ និងមានបន្ទប់ក្រោមដីផងដែរ។
គួរជម្រាបថា តារាស្រី Solar មានឈ្មោះពិតថា Kim Yong-sun ដែលនាងមិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ ថែមទាំងជាអ្នកសរសេរចម្រៀង និងជាប្រធានក្រុមចម្រៀង MAMAMO ផងដែរ។ បច្ចុប្បន្នតារាស្រីរូបនេះមានវ័យ៣០ឆ្នាំ៕