(ភ្នំពេញ)៖ បន្ទាប់ពីការរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត អស់រយៈពេលជាង១ឆ្នាំ ធនាគារ ហ្វីលីព បានក្លាយជាធនាគារដែលមានបណ្តាញសាខាច្រើនជាងគេមួយនៅក្នុងកម្ពុជា សរុបប្រមាណជាង ៨០សាខានៅទូទាំងប្រទេស ហើយកាន់តែពិសេសបានបន្តសកម្មភាពក្នុងការផ្តល់ប្រតិបត្តិការសេវាហិរញ្ញវត្ថុជាច្រើនប្រភេទ និងកាន់តែងាយស្រួលដល់អតិថិជន។
អគ្គនាយកធនាគារ ហ្វិលីព លោក ចាន់ ម៉ាច បានថ្លែងថា «ចាប់តាំងពីការរួមបញ្ចូលគ្នា ធនាគារ ហ្វីលីព បានផ្តោតលើសកម្មភាពសំខាន់ៗជាច្រើនក្នុងនោះ សំដៅជាចម្បងទៅលើការបង្ហាញពីអត្តសញ្ញាណស្លាកយីហោ របស់ធនាគារ ហ្វីលីព ទៅដល់អតិថិជនទាំងអស់របស់ក្រេឌីត គួបផ្សំនឹងការផ្សព្វផ្សាយទៅកាន់សាធារណៈជនឲ្យបានស្គាល់ពី ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃរបស់យើងផងដែរ»។
លោកថ្លែងបន្តថា សាខាជាច្រើនត្រូវបានកែលម្អមុខមាត់ថ្មី ជាបណ្តើរៗ និងបំលែងឲ្យទៅជាសាខាធនាគារដែលបម្រើសេវាកម្ម និងផលិតផលធនាគារពេញលេញជូនដល់អតិថិជនគ្រប់ស្រទាប់រាប់ចាប់ពី អតិថិជនកម្ចីខ្នាតតូច ឯកត្តជន សហគ្រាសធុនតូចនិងមធ្យម រហូតដល់ សហគ្រាសធំៗ។ ការផ្តល់ជូនផលិតផលដ៏ទាន់សម័យជាមួយនឹងសេវាកម្មដែលកាន់តែងាយស្រួលសម្រាប់ជួយសម្រួលដល់អតិថិជនក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុរបស់ពួកគេ។
លោកបញ្ជាក់ថា ធនាគារបានឆ្ពោះទៅមុខដោយឈរលើយុទ្ធសាស្រ្តស្នូលតាមរយៈការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ហើយបន្តដាក់ជូនផលិតផលធនាគារបែបឌីជីថលទៅកាន់ទីផ្សារក្នុងអំលុងពេល១ឆ្នាំកន្លះនេះហើយដែរ។ តាមរយៈកម្មវិធីធនាគារចល័ត អតិថិជនអាចប្រតិបត្តិការសេវាហិរញ្ញវត្ថុជាច្រើនប្រភេទបានយ៉ាងងាយស្រួល តាមរយៈម្រាមដៃរបស់ពួកគេ។ មាស្ទ័រកាតនិម្មិតរបស់ធនាគារ ហ្វីលីព បានផ្តល់លទ្ធភាពគ្រប់បែបយ៉ាងសម្រាប់អតិថិជនក្នុងការទូទាត់ទាំងក្នុងនិងក្រៅប្រទេស។
លោកបានបញ្ជាក់ទៀតថា «ក្នុងឆ្នាំ២០២១ យើងបានដាក់ដំណើរការសេវាកម្ម បើកគណនីដល់ទីកន្លែង ដែលផ្តល់នូវភាពងាយស្រួលទ្វេរដង សម្រាប់អតិថិជនរបស់យើងមានក្នុងការបើកគណនីជាមួយធនាគារ ហ្វីលីព។ យើងរំពឹងថានឹងដាក់ចេញនូវសេវាកម្មជាច្រើនទៀតរួមមានសេវាបង់ទឹក ភ្លើង សេវាកម្មបើកគណនីតាមប្រព័ន្ធអនឡាញ សេវាធនាគារតាមអ៊ីនធើណេត សេវាស្កេន និងទូទាត់ឆ្លងប្រទេស និងកាតទូទាត់ជាច្រើនប្រភេទទៀត។ ដោយសារតែភាពជោគជ័យនៃការរួមបញ្ចូលគ្នានេះ យើងនឹងនាំយកនូវផលិតផលហិរញ្ញវត្ថុជាច្រើន និងសេវាធនាគារឌីជីផលដ៍សំបូរបែប សម្រាប់ដល់អតិថិជនរបស់យើងនៅតាមបណ្តាខេត្តក្រុងទូទាំងប្រទេសផងដែរ»។
លោកបន្តថា ក្នុងនាមជាធនាគារពាណិជ្ជសិង្ហបុរីតែមួយគត់នៅកម្ពុជា លោកបានកំណត់នូវចក្ខុវិស័យយ៉ាងច្បាស់គឺ ផ្តល់ភាពពេញចិត្តដល់អតិថិជន បណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍។ លោកបានបណ្តុះធនធានបុគ្គលិកឲ្យមានបុគ្គលិកលក្ខណៈតាមស្តង់ដាសិង្ហបុរីព្រមគ្នានឹងភាពទន់ភ្លន់នៃវប្បធម៌កម្ពុជា ដើម្បីផ្តល់ជូនសេវាកម្មល្អឥតខ្ចោះជូនដល់អតិថិជន។ ជាដៃគូជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់លោកគឺ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វីលីព ឡាយហ្វ៍ និង ក្រុមហ៊ុន ធានារ៉ាប់រងទូទៅ ហ្វីលីព បានធ្វើឲ្យលោកអាចផ្តល់ជូនជាពិសេសនូវកញ្ចប់សេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏ពេញលេញសម្រាប់អតិថិជន។
ធនាគារហ្វីលីពបម្រើជូនដល់អតិថិជន ទាំងបច្ចេកវិទ្យាខ្ពស់ ទាំងសេវាកម្មដែលល្អឥតខ្ចោះ មានន័យថា ធនាគារ ហ្វីលីព បានផ្តល់ជូនផលិតផលដែលមានគុណភាពខ្ពស់ស្រប ជាមួយសេវាកម្មអតិថិជនដែលល្អប្រសើរបំផុតតាមរយៈបុគ្គលិកជាង១,៨០០នាក់។ បុគ្គលិកសុទ្ធសឹងតែបានបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងចំណេះដឹងផ្នែកសេវាធនាគាររបស់ពួកគេ។
ដើម្បីបំពេញឲ្យបាននូវចក្ខុវិស័យក្នុងការចូលរួមផ្តល់ប្រយោជន៍ដល់សហគមន៍ គឺបានផ្សាភ្ជាប់ការសហការទៅលើកិច្ចការទំនួលខុសត្រូវសង្គមផងដែរ ដោយផ្តោតទៅលើសកម្មភាពដែលជិតសិ្នទ្ធជាមួយសហគមន៍គោលដៅផ្ទាល់។ ធនាគារ ហ្វីលីព មានមោទនភាពណាស់ដែលក្នុងនាមជាធនាគារពាណិជ្ជនៅកម្ពុជាតែមួយគត់ដែលមានអង្គការមិនមែនរដ្ឋាភិបាលផ្ទាល់របស់ខ្លួនឈ្មោះថា អង្គការគាំពារភូមិយើង ដែលបាននិងកំពុងធ្វើការជាដៃគូ។ បេសកកម្មរបស់អង្គការគាំពារភូមិយើង គឺផ្តោតទៅលើការធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋងាយរងគ្រោះនៅសហគមន៍កម្ពុជាជាពិសេសអតិថិជនរបស់ធនាគារ ហ្វីលីព នៅតាមជនបទដោយផ្តល់វគ្គបណ្តុះបណ្តាលនិងប្រឹក្សាយោបល់លើការគ្រប់គ្រងហិរញ្ញវត្ថុ ការអប់រំកុមារតូច និង ការអភិវឌ្ឍគ្រួសារ និងសហគមន៍ទាំងនេះបានធ្វើឲ្យធនាគារ ហ្វីលីព មានលក្ខណៈពិសេសខុសប្លែកពីធនាគារពាណិជ្ជផ្សេងទៀត។
លោកបន្ថែមថា ជោគជ័យដែលទទួលបានបន្ទាប់ពីការរួមបញ្ចូលគ្នាមក គឺបានសម្រេចរួចរាល់ក្នុងការកែប្រែរូបរាងថ្មីពីក្រេឌីតទាំង ៨៨សាខា មកជាធនាគារ ហ្វីលីព ហើយសាខាមួយចំនួនក៏បានបំលែងទៅជាសាខាផ្តល់សេវាធនាគារពេញលេញផងដែរ។ អតិថិជននៅទីប្រជុំជន និងជនបទប្រមាណជាង ៣០% បាននិងកំពុងប្រើប្រាស់សេវាធនាគារចល័ត ២៤/៧ ហើយលោករំពឹងថា ចំនួននេះនឹងកើនឡើងជាលំដាប់បន្ទាប់ពីការដាក់ឲ្យមានសេវាទូទាត់ឧបករណ៍ប្រើប្រាស់នៅលើកម្មវិធីធនគារចល័តផងដែរ។
បន្ទាប់ពីបានក្លាយជាសមាជិកប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិ និងគម្រោងទូទាត់ជាប្រាក់រៀលតាមការស្កេនកូដមក (KHQR) ហ្វីលីព បានក្លាយជាធនាគារលំដាប់ទី៣នាំមុខគេ ដែលមានអ្នកប្រើប្រាស់ប្រព័ន្ធទូទាត់បាគងច្រើនជាងគេ។ បច្ចុប្បន្ននេះ ហ្វីលីពបានផ្តល់ជូនសេវាទូទាត់ជាប្រាក់រៀលតាមការស្កេនកូដ (KHQR) ជាមួយដៃគូអាជីវកម្មជាង ៣,០០០ ហើយនឹងបន្តពង្រីករហូតដល់ ៦,០០០អាជីវករនៅដំណាច់ឆ្នាំនេះ។
នេះជាដំណើរការដែលធនាគារជួយជ្រោមជ្រែងអតិថិជនឲ្យត្រៀមខ្លួនរួចជាស្រេចទៅកាន់ការប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធទូទាត់ថ្នាក់ជាតិមួយនេះ។
លោកបន្ថែមទៀតថា នឹងពង្រីកសេវាឌីជីថលបន្ថែមទៀតតាមរយៈការដាក់ឲ្យប្រើប្រាស់ សេវាធនាគារតាមអ៊ីនធើណិតសម្រាប់អតិថិជនឯកត្តជន និងសហគ្រាសនាត្រីមាសទី៤ឆ្នាំ២០២១។ លោកក៏មានគម្រោងដាក់ឲ្យប្រើប្រាស់ សេវាកម្មបើកគណនីតាមអនឡាញផងដែរ ដោយអតិថិជនអាចទាញយកកម្មវិធីធនាគារចល័ត ហើយបង្កើតគណនីដោយខ្លួនឯងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ធនាគារ ហ្វីលីព តែងតែធ្វើការជាដៃគូយ៉ាងជិតស្និទ្ធជាមួយសហគមន៍ប្រជាជាតិសិង្ហបុរីនៅកម្ពុជា។ លើសពីនេះ ហ្វីលីពតែងតែគាំទ្រសកម្មភាពជាច្រើនរបស់សហគមន៍ពួកគាត់ ដើម្បីធ្វើការណែនាំផលិតផល និងសេវាកម្មទៅដល់អាជីវកម្មរបស់ពួកគាត់ផងដែរ។ លោកទទួលបានអាជីវកម្មរបស់ជនជាតិសិង្ហបុរីជាច្រើន ដែលប្រើប្រាស់សេវាកម្មរបស់ធនាគារនេះ។ ជាមួយគ្នានេះ ហ្វីលីព ក៏បានសហការជាមួយដៃគូអាជីវកម្មសិង្ហបុរីជាច្រើនក្នុងការផ្តល់ការបញ្ចុះតំលៃដល់អ្នកប្រើប្រាស់កាតធនាគារ ហ្វីលីព។ ភាគច្រើននៃអាជីវកម្មជនជាតិសិង្ហបុរីនៅកម្ពុជា គឺជាដៃគូសហការរបស់ធនាគារសេវាទូទាត់ដោយស្កេនកូដ QR ដែលនេះបានផ្តល់នូវភាពស្រួលទ្វេរឡើងសម្រាប់អតិថិជនជាតិសិង្ហបុរី។
លោករំលឹកថា ទិសដៅចក្ខុវិស័យរបស់ធនាគារលោកក្នុងពេល៥ឆ្នាំខាងមុខ នឹងបន្តការរីកចម្រើនបន្ថែមទៀតទៅកាន់ឌីជីថលភាវូបនីយកម្ម។ លោកមានគោលបំណងសម្រេចឲ្យបានក្នុងការក្លាយខ្លួនជាធនាគារឌីជីថលនាំមុខគេមួយនៅកម្ពុជា ។ បច្ចុប្បន្ន លោកបានដាក់ការវិនិយោគទៅលើរចនាសម្ព័ន្ធនៃសេវាកម្មធនាគារឌីជីថលជាច្រើនប្រភេទ ហើយទាំងនេះនឹងជះផលដល់អតិថិជនឲ្យទទួលបានទំនើបកម្ម និងភាពងាយស្រួលច្រើនឡើងនាអនាគត។ ក្នុងពេល៥ឆ្នាំខាងមុខ រំពឹងថាអតិថិជនកាន់តែច្រើននឹងរីករាយប្រើប្រាស់ផលិតផលឌីជីផល និងសេវាកម្ម ក្នុងការសម្រេចគោលដៅហិរញ្ញវត្ថុក្នុងក្តីស្រមៃរបស់ពួកគេ៕