(តូក្យូ)៖ ព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympics 2020 ដែលមានជប៉ុនធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទបញ្ចប់នាថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ ក្រោយដំណើរការប្រកួតតាំងពីថ្ងៃទី២៣ ខែកក្កដាមក។
យោងតាមការផ្សាយដោយសារព័ត៌មាន Kyodo នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានដកស្រង់ការប្រកាសរបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍ Tokyo Olympics មកបញ្ជាក់ថា ដោយសារមានមនុស្ស ២៦នាក់ទៀតតេស្តវិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃបិទបញ្ចប់ព្រឹត្តិការណ៍ ធ្វើឲ្យអ្នកឆ្លងជំងឺកូវីដ១៩ សរុបកើនដល់ ៤៣០នាក់ បើគិតតាំងពីថ្ងៃចាប់ផ្តើមនៃព្រឹត្តិការណ៍នេះ។
មនុស្សទាំង ២៦នាក់ដែលទើបឆ្លងកូវីដ១៩ នោះ មាន ១៦នាក់ជាអ្នកបម្រើការងារឲ្យ Tokyo Olympics, ៥នាក់ ជាសមាជិករបស់បណ្តាញសារព័ត៌មាន, ៣នាក់ ជាអ្នកស្ម័គ្រចិត្ត, ១នាក់ ជាមន្ត្រីគ្រប់គ្រងអត្តពលិក និង ១នាក់ទៀតជាមន្ត្រីគណៈកម្មការរៀបចំ Tokyo Olympics តែម្តង។
ក្នុងចំណោមអ្នកឆ្លងទាំង ៤៣០នាក់ គឺមាន ២៨៦នាក់មានសញ្ជាតិជប៉ុន និង ១៤៤នាក់ទៀតជាជនបរទេស។ ក្នុងនោះដែរក្រុមបម្រើការងារឲ្យ Tokyo Olympics មានចំនួនច្រើនជាងគេរហូតដល់ ២៣៦នាក់ អ្នកចូលរួមហែហមអត្តពលិក ១០៩នាក់ ក្រុមអត្តពលិក ២៩នាក់ ហើយសល់ពីនោះជាមន្ត្រីគ្រប់គ្រងអត្តពលិក និងមន្ត្រីគណៈកម្មការរៀបចំកម្មវិធី៕