(ភ្នំពេញ)៖ ទោះបីជាវិបត្តិកូវីដ១៩នៅបន្ត រហូតមកដល់បច្ចុប្បន្នក៏ដោយ យើងសង្កេតឃើញថា កម្ពុជានៅតែមានសក្តានុពលសេដ្ឋកិច្ច ទាក់ទាញចំណាប់អារម្មណ៍ ក្រុមហ៊ុនអភិវឌ្ឍន៍ និង វិនិយោគិនអន្តរជាតិជាច្រើន មកកាន់កម្ពុជាដោយសារតែកម្ពុជាជាទីផ្សារថ្មី ដែលអាចទទួលបានផលចំណេញច្រើន ពីការវិនិយោគ លើវិស័យអចលនទ្រព្យ។

យ៉ាងណាមិញ ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាង នៅក្នុងតំបន់អាស៊ាន កម្ពុជាត្រូវបានគេមើលឃើញថា ជាទីផ្សារអចលនទ្រព្យសក្តានុពលថ្មីជាងគេមួយ នៅតំបន់អាស៊ីអាគ្នេយ៍។

ស្របពេលដែលវិស័យអចលនទ្រព្យកំពុងមានសន្ទុះកើនឡើងនេះដែរ ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច ឯ.ក ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលជាអ្នកអភិវឌ្ឍ និងជាក្រុមហ៊ុនសាងសង់លំនៅដ្ឋាន ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងល្បីល្បាញ ក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំ មកហើយបានកំពុងតែ សាងសង់នូវគម្រោងថ្មីមួយគឺ «គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ» ដែលជាគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្មដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយ នៅក្នុងទីក្រុងនាគសម្តេចតេជោសែន ភាគខាងជើងរាជធានីភ្នំពេញ។

គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ដ៏ធំចម្លែកប្លែកគេថ្មីមួយនេះដែរ នឹងធ្វើការសាងសង់សម្រាប់ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ និង អាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើងនៅលើទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ។

ដោយឡែកនាពេលថ្មីៗនេះ ដើម្បីសម្រួលដល់វិនិយោគិនបរទេស ដែលមានបំណងចង់វិនិយោគជាមួយគម្រោង «ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ» ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច បានសហការជាមួយនឹងក្រុមហ៊ុន ប៊ី.អាយ.ស៊ី.ត្រាស ឯ.ក ជាបុត្រសម្ព័ន្ធរបស់ធនាគារ ប៊ី អាយ ស៊ី ដែលជាគ្រឹះស្ថានស្របច្បាប់ទទួលបានអាជ្ញាប័ណ្ណ ពីគណៈកម្មការមូលបត្រកម្ពុជាតាំងពីឆ្នាំ២០១៨ ដោយមានឯកទេសជាចម្បង ក្នុងគោលបំណងផ្តល់នូវសេវាកម្មកម្រិតខ្ពស់លើការគ្រប់គ្រង និងធានាទទួលខុសត្រូវ លើកម្មសិទ្ធិដីធ្លី ឬ អចលនទ្រព្យជំនួសឲ្យជនបរទេស ដែលមានបំណងចង់វិនិយោគ លើវិស័យអចលនទ្រព្យនៅកម្ពុជា។

គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ សង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូនេះ នឹងជួយផ្តល់លក្ខខណ្ឌកាន់តែងាយស្រួលមួយកម្រិតទៀត សម្រាប់វិនិយោគិនបរទេស ដែលមានបំណងចង់វិនិយោគ ឬ ក្លាយជាម្ចាស់កម្មសិទ្ធលំនៅដ្ឋាននៃគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ៕