(តូរីន)៖ ខ្សែប្រយុទ្ធ Romelu Lukaku នឹងក្លាយជាកីឡាករដែលមានតម្លៃផ្ទេរថ្លៃជាងគេនៅលីគអ៉ីតាលី Serie A ដែលចេញពីក្លិប Inter Milan ក្នុងកិច្ចព្រមព្រៀងមកកាន់ក្លិបចាស់តោខៀវ Chelsea នៅក្នុងតម្លៃប្រមាណ ៩៨លានផោន ស្មើនឹង ១៣៦លានដុល្លារ ដែលជាតម្លៃមួយដ៏ខ្ពស់សម្រាប់ក្លិប Inter Milan ដែលបានកំពុងជួបវិបត្តិហិរញ្ញវត្ថុ ដោយសាមេរោគ COVID-19 ផងនោះ។ នេះបើតាមការចេញផ្សាយដោយ Daily mail នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។

បច្ចុប្បន្ននៅលីគអង់គ្លេស Premier League ក៏ទើបបង្កើតកំណត់ត្រាមួយក្នុងតម្លៃប្រមាណ ១០០លានផោន ចំពោះការផ្ទរកីឡាករខ្សែបម្រើ Jack Grealish ពីក្លិប Aston Villa ទៅកាន់ក្លិប Manchester City នៅពេលដែល Lukaku នឹងក្លាយជាខ្សែប្រយុទ្ធថ្លៃជាងគេ និងបំបែកកំណត់ត្រាការផ្ទរនៅលីគអ៉ីតាលី ប្រសិនបើផ្ទេរមកក្លិប Chelsea ក្នុងតម្លៃប្រមាណ ៩៨លានផោនមែននោះ។

ក្លិបការពារជើងឯកពាន Serie A រដូវកាលមុន Inter Milan ក៏ធ្លាប់រំពឹងថា Chelsea នឹងបង្កើនការចរចាបន្ថែមទៀតកាន់តែប្រសើរនៃតម្លៃ ៨៨លានផោន បូករួមជាមួយខ្សែការពារ Marcos Alonso តែបញ្ហានេះ ក៏ត្រូវបានក្លិបជើងឯកពាន UEFA Champions League រដូវកាលមុនបដិសេធ ខណៈកំណត់ត្រាដែលមានការផ្ទេរថ្លៃជាងគេនោះ គឺខ្សែបម្រើ Paul Pogba ដែលចេញទៅកាន់ក្លិប Manchester United ក្នុងឆ្នាំ២០១៦៕