(បរទេស)៖ គិតរហូតមកទល់នឹងពេលនេះ គឺមានរយៈពេលជិត១០ថ្ងៃហើយ ដែលតារាប្រុសល្បីឈ្មោះ ចិន-កាដាណា Kris Wu ត្រូវបានប៉ូលីសទីក្រុងប៉េកាំង ឃាត់ខ្លួន ជុំវិញករណីសង្ស័យរំលោភអនីតជន។ ចាប់តាំងពីលោកត្រូវបានឃាត់ខ្លួនមក នៅមិនទាន់មានសេចក្តីរាយការណ៍បន្ថែមណាមួយ ពីប៉ូលីសនោះទេ។ តែយ៉ាងណា ងាកមកគណនីផ្ទាល់ខ្លួន និងគណនីអ្នកគាំទ្ររបស់លោក Kris Wu វិញត្រូវបានបណ្តាញសង្គមធំរបស់ចិន គឺ Weibo លុបចោលអស់ហើយ និងខ្លះទៀត គឺផ្អាកដំណើរការ។

រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត គឺករណី Kris Wu មិនត្រឹមធ្វើឲ្យប៉ះពាល់ដល់រូបលោកខ្លាំង និងធ្វើឲ្យបាត់បង់ប្រាក់រាប់លានដុល្លារនោះទេ ថែមទាំងបានរាលដាល ដល់តារាល្បីៗមួយចំនួន ក្នុងចង្កោមសិល្បៈដែរ ព្រោះមានពាក្យចចាមអារ៉ាមថា Kris Wu បានសារភាពពីរឿងពាក់ព័ន្ធនឹងរូបគេ ហើយក៏បាន រៀបរាប់ឈ្មោះអ្នកសិល្បៈមួយចំនួន ដែលលោកអះអាងថា ជាអ្នកសមគំនិតជាមួយរូបលោក ក្នុងករណីរំលោភបំពានផ្លូវភេទផងដែរ។ ជាពិសេស ក្រុមតារាមួយចំនួន ដែលត្រូវបានគេលើកឡើងថា ជាប់ពាក់ព័ន្ធជាមួយ Kris Wu នោះ បានប្រញាប់ដាក់របាយការណ៍ ក៏ដូចជាដាក់ពាក្យបណ្តឹង ទៅកាន់ប៉ូលីសភ្លាមៗ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ពួកគេ។

តារាទាំងនោះរួមមាន៖
ទី១៖ លោក JJ Lin និង លោក Wilber Pan តារា ២រូបដំបូង ក្នុងពាក្យចចាមអារ៉ាម បានអះអាងថា ជាអ្នកសមគំនិតជាមួយ Kris ពាក់ព័ន្ធករណីគ្រឿងញៀន និងពេស្យាចារ។ តែយ៉ាងណា ក្រោយដំណឹងចចាមអារ៉ាមនេះផ្ទុះឡើង គឺគ្មានភស្តុតាងណាមួយបញ្ជាក់ថា ពួកគេពិតជាបានប្រព្រឹត្តិឡើយ។ ហេតុនេះ តារាប្រុសទាំង២ ក៏បានដាក់ពាក្យប្ដឹងបន្ទាន់ ប្រឆាំងនឹងអ្នកបំភ្លៃរឿងនេះ។

ទី២៖ បន្ទាប់មកទៀត គឺនៅថ្ងៃទី០៣ ខែសីហា អ្នកសិល្បៈផ្សេងទៀតរួមមាន Jing Boran, Fan Bingbing, He Jiong និង Bao Bei Er ក៏បាន ទទួលរងពាក្យចចាមអារ៉ាមដូចខាងលើដែរ។ ក្នុងនោះ Jing Boran ត្រូវគេនិយាយថា ស្ថិតនៅក្នុងក្រុមជាមួយនឹង JJ Lin និង Wilber Pan ក្នុងការជាប់ពាក់ព័ន្ធករណីថ្នាំញៀន, អំពើពេស្យាចារ និងជាអ្នករើសក្មេងស្រីៗឲ្យ Kris។

ទី៣៖ ងាកមកតារាស្រីធ្លាប់ល្បីឈ្មោះក្នុងវិស័យភាពយន្ត Fan Bingbing វិញ ក៏ត្រូវបានដំណឹងចចាមអារ៉ាមផ្សព្វផ្សាយថា ជាអ្នករកក្មេងស្រីៗឲ្យ Kris ដែរ។ ដូច្នេះដើម្បីបញ្ជាក់ថា ខ្លួនពិតជាស្អាតស្អំ ក្រុមការងាររបស់ Jing Boran និង Fan Bingbing បានប្រមូលភស្តុតាង ពីប្រភពដែលផ្សាយព័ត៌មាន មិនពិតពីតារារបស់ខ្លួន និង រៀបចំសំណុំឯកសារមួយចំនួន និងបានដាក់ពាក្យប្ដឹងទៅប៉ូលីស ដើម្បីឲ្យស្ថាប័នច្បាប់ចាត់ការតាមនិតិវិធី។

ទី៤៖ ដំណឹងចចាមអារ៉ាមដដែលក៏បានធ្លាក់ទៅលើតារា He Jiong និង Bao Bei Er ផងដែរ។ ក្រុមការងាររបស់ពួកគេសុទ្ធតែបានចេញមុខ ការពារអ្នកសិល្បៈរបស់ខ្លួន និងបង្ហាញការមិនសុខចិត្តនឹងអ្វីដែលចេញផ្សាយ ហើយនៅថ្ងៃទី០៤ ខែសីហា ក្រុមការងាររបស់ Bao Bei Er បានបញ្ជូនសំណុំរឿងឲ្យមេធាវីរបស់ពួកគេ ចាត់ចែង និងឲ្យប៉ូលីសធ្វើការតាមផ្លូវច្បាប់ផងដែរ។

ទី៥៖ សម្រាប់តារាស្រី Angelababy វិញ ត្រូវបានគេផ្សព្វផ្សាយថា នាងបានសមគំនិតជាមួយ Kris Wu អំឡុងពេលអ្នកទាំងពីរថតកម្មវិធី «FOUR TRY» ជាមួយគ្នា។ ហើយរឿងចចាមអារ៉ាមផ្សេងទៀត បានលើកឡើងថា តារាស្រីរូបនេះនិង Kris ថែមទាំងបានណាត់ជួបគ្នាទាំងយប់ក៏មាន ប៉ុន្តែក្រោយមានដំណឹងចចាមអារ៉ាមនេះ តារាស្រី Angelababy បានដាក់ពាក្យប្ដឹង និងឈ្នះក្ដីនេះ ព្រមទាំងត្រូវបានបុគ្គលដែលផ្សព្វផ្សាយដំណឹងនេះ ចេញមុខសុំទោសនាងជាសាធារណៈផងដែរ ហើយនាង ក៏ទទួលប្រាក់សងជំងឺចិត្តមួយចំនួនផងដែរ។

គួរជម្រាបថា រឿងរ៉ាវក្តីក្តាំងរបស់តារាល្បី Kris Wu ជាមួយស្រីស្អាត Du Meizhu ដែលនាងបានចោទប្រកាន់ Kris Wu ថាបានរំលោភរូបនាង កាលនាងមានអាយុ១៧ឆ្នាំនោះ កំពុងតែត្រូវបានអ្នកលេងបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទាំងក្នុង និងក្រៅស្រុកចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រៅពីមានពាក្យរិះគន់លើតារារូបនេះ ពាក់ព័ន្ធនឹងបញ្ហាដែលលោកកំពុងជួបប្រទះ ក៏មានបណ្តាអ្នកគាំទ្ររបស់លោកបានចេញមុខការពារ Idol របស់ខ្លួនផងដែរ។

យ៉ាងណាមិញ ក្រោយតារារូបនេះ ត្រូវបានប៉ូលីសទីក្រុងប៉េកាំងឃាត់ខ្លួន នៅមិនទាន់មានរបាយការណ៍ផ្លូវការណាមួយ ពីស្ថាប័នច្បាប់ បញ្ជាក់បន្ថែមពីករណីរបស់លោកឡើយ ព្រោះបច្ចុប្បន្នដំណើរការស៉ើបអង្កេតលើតារារូបនេះ កំពុងអនុវត្តន៍បន្ត៕