(ប៉ារីស)៖ ភាគហ៊ុននៅបណ្តាក្រុមហ៊ុន ដែលពាក់ព័ន្ធនឹងវិស័យបាល់ទាត់ របស់ប្រទេសបារាំង មានការកើនឡើងនៅថ្ងៃចន្ទនេះ ខណៈមានការរំពឹងថា តារាបាល់ទាត់សញ្ជាតិអាហ្សង់ទីន Lionel Messi អាចនឹងផ្ទេរទៅកាន់ក្លិប Paris Saint Germain (PSG), នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ។

ភាគហ៊ុន នៅក្រុមហ៊ុន Olympique Lyon បានកើនឡើង០.៩ភាគរយ, ខណៈភាគហ៊ុននៅក្រុមហ៊ុនទូរទស្សន៍ TF1 និង Canal Plus ដែលគ្រប់គ្រងដោយក្រុមហ៊ុន Vivendi បានកើនឡើង១.៣ភាគរយ និង០.២ភាគរយ ដាច់ដោយឡែកពីគ្នា, នៅពេលដែលការផ្លាស់ទៅក្លិប PSG របស់ Messi ទំនងជាធ្វើឲ្យតួលេខការទស្សនា វិស័យបាល់ទាត់បារាំង មានការកើនឡើង។

សូមរំលឹកថា Messi បានបញ្ជាក់ នៅឯសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអាទិត្យ ថា លោកកំពុងពិភាក្សាជាមួយក្លិប PSG ស្តីពីការអាចផ្ទេរទៅកាន់ក្លិបរបស់បារាំងនេះ៕