(ចិន)៖ ប្រព័ន្ធផ្សព្វផ្សាយចិន Sounth China Morning Post (SCMP) បានចេញសេចក្តីរាយការណ៍ថ្មី មួយពាក់ព័ន្ធតារាប្រុសល្បីឈ្មោះ Kris Wu ដោយអះអាងថា តារារូបនេះនឹងមិនអាចរួចផុត ពីទោសទណ្ឌធ្ងន់ធ្ងរឡើយ ដោយសារតែរដ្ឋាភិបាលចិន មិនអាចយកទង្វើអាក្រក់តារារូបនេះ ធ្វើជាគំរូដល់យុវជនដទៃទៀតទេ និងបានយកតារារូបនេះ ជាឧទាហរណ៍សម្រាប់បុគ្គលផ្សេងទៀតផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន allkpop នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។

SCMP បានលើកឡើងថា រដ្ឋាភិបាលចិនកំពុងតែពិនិត្យមើល រឿងរ៉ាវក្តីក្តាំរបស់តារាប្រុស Kris Wu យ៉ាងយកចិត្តទុកដាក់ ព្រោះតែលោកជាមនុស្សមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើបណ្តាអ្នកគាំទ្រ (Fan Clubs) ហេតុនេះហើយរដ្ឋាភិបាលចិន កំពុងយកករណីនេះជាគំរូមួយ ទៅលើបណ្តាអ្នកគាំទ្ររបស់ Kris Wu និងយុវជនដទៃទៀត។

បើតាមច្បាប់ប្រទេសចិន ករណីរំលោភបំពានផ្លូវភេទ ឬរំលោភសេពសន្ថវៈ ទៅលើបុគ្គលមិនទាន់គ្រប់អាយុ (អនីតិជន) គឺជាបទឧក្រិដ្ឋ និងអាចទទួលទោសប្រហារជីវិត ប្រសិនបើរកឃើញថា ពិតជាបានប្រព្រឹត្តិអំពើល្មើស។

គួរជម្រាបថា តារាប្រុស Kris Wu ដែលជាអតីតសមាជិកក្រុមចម្រៀង K-POP EXO ត្រូវបានគេដឹងថា មានសកម្មភាពយ៉ាងខ្លាំងក្នុងវិស័យសិល្បៈនៅប្រទេសចិន ចាប់តាំងពីបានចាកចេញពីក្រុមចម្រៀងមួយនេះ។ លោកត្រូវបានប៉ូលីសទីក្រុងប៉េកាំងឃាត់ខ្លួន កាលពីពេលថ្មីៗនេះ ជុំវិញករណីសង្ស័យរំលោភបំពានផ្លូវភេទ និងរំលោភសេពសន្ថវៈ លើនារីមិនទាន់គ្រប់អាយុ៕