(ភ្នំពេញ)៖ អតីតស្ដេចប្រដាល់គុនខ្មែរ លោក អេ ភូថង បានជាសះស្បើយពីជំងឺកូវីដ-១៩ និងបានត្រឡប់ទៅផ្ទះវិញហើយ ក្រោយសម្រាកព្យាបាលជាង ៣សប្ដាហ៍។ បច្ចុប្បន្នលោកកំពុងធ្វើចត្ដាឡីស័កនៅផ្ទះតាមការណែនាំរបស់ក្រសួងសុខាភិបាល។
បន្ទាប់ពីជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ លោក អេ ភូថង បានរៀបរាប់អំពីស្ថានភាពជំងឺរបស់ខ្លួនពីដំបូង រហូតវិវត្តន៍ឈានដល់ធ្ងន់ធ្ងរស្ទើរបាត់បង់ជីវិត ប៉ុន្ដែលោកបានសង្កត់ធ្ងន់ថា «ប្រសិនបើខ្ញុំគ្មានវ៉ាក់សាំងសម្ដេចទេ ខ្ញុំប្រហែលស្លាប់បាត់ហើយ...»។
អតីតអធិរាជកែងឆេះជង្គង់ហោះខាងលើបាននិយាយថា «ដំបូងឡើយ បន្ទាប់ពីត្រូវភ្លៀង ខ្ញុំសង្ស័យខ្លួនឯងផ្ដាសាយ បន្ទាប់មកក៏មានអាការៈហត់ តែខ្ញុំស្មានថា ខ្លួនឯងអត់អី ខ្ញុំទុករហូតដល់ ៣ថ្ងៃ ប៉ុន្ដែដោយសារទ្រាំអត់បាន ខ្ញុំក៏បបួលប្រពន្ធខ្ញុំទៅពេទ្យ។ ដំបូងខ្ញុំទៅពេទ្យកាល់ម៉ែត្រ ព្រោះខ្ញុំស្មានតែជំងឺចាស់ខ្ញុំរើ តែពេលទៅដល់ពេទ្យថា ខ្ញុំមានកូវីដ ប៉ុន្ដែពេទ្យអត់មានទាន់ធ្វើតេស្ដអីទេ គាត់គ្រាន់តែចាប់ជីពចរខ្ញុំ តែខ្ញុំអត់ជឿ ព្រោះគាត់អត់បានធ្វើតេស្ដ ខ្ញុំក៏មកផ្ទះវិញ។ ដល់ស្អែកឡើងប្រពន្ធខ្ញុំ នាំខ្ញុំទៅពេទ្យធំម្ដងទៀត ពេលទៅដល់ពេទ្យក៏ធ្វើតេស្ដ ហើយលទ្ធផលខ្ញុំវិជ្ជមានកូវីដ តែប្រពន្ធខ្ញុំអត់មានទេ»។
«បន្ទាប់មកគ្រូពេទ្យ ក៏បញ្ជូនខ្ញុំទៅមជ្ឈមណ្ឌលព្យាបាលនៅពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) ហើយប្រពន្ធខ្ញុំក៏ទាមទារទៅដែរ ទាំងខ្ញុំមិនឲ្យគាត់ទៅ ព្រោះខ្លាចគាត់ឆ្លង តែគាត់ចចេស រហូតគ្រូពេទ្យអនុញ្ញាតឲ្យគាត់ទៅជាមួយ ប៉ុន្ដែថ្ងៃនោះ បើសិនគាត់អត់ទៅ ខ្ញុំប្រហែលគ្មានសង្ឃឹមរស់ទេ។ ពេលទៅដល់អូឡាំពិក ពេទ្យនៅហ្នឹងគាត់រៀបចំកន្លែងឲ្យល្អណាស់ ពេលខ្ញុំដើរចូលទៅដល់គ្រែភ្លាម ខ្ញុំដួលទីងលើគ្រែហ្មង ខ្ញុំលែងដឹងខ្លួន ហើយពេទ្យបានដាក់អុកស៊ីសែនឲ្យខ្ញុំភ្លាមៗ ព្រោះពេលទៅដល់ហ្នឹង ខ្ញុំមានអាការៈធ្ងន់ធ្ងរហ្មង ហើយអ្នកនៅជិតៗហ្នឹងថា ខ្ញុំប្រហែលគ្មានសង្ឃឹមទេ»។ លោក អេ ភូថង បន្ថែម។
លោកបន្ដថា «ខ្ញុំប៊ិះស្លាប់ ៣ដង ទី១-ពេលទៅដល់អូឡាំពិកភ្លាម ខ្ញុំដួលទីងអត់ដឹងខ្លួន ពេលបានដាក់អុកស៊ីសែន ទើបខ្ញុំដឹងខ្លួន។ ទី២-នៅថ្ងៃបន្ទាប់ អស់អុកស៊ីសែន ប្រពន្ធខ្ញុំទៅអូសធុងអុកស៊ីសែន ប្រពន្ធខ្ញុំមាឌតូច ដល់ធុងអុកស៊ីសែនធំ (ប្រហែល ៧០គីឡូក្រាម) គាត់ទៅអូសមកប៊ិះអត់ទាន់ ហើយអូសប៉ះចង់អុកស៊ីសែនអស់ទៀត ហើយពេលហ្នឹងខ្ញុំប្រកាច់ហើយ ឃើញចឹងអ្នកជំងឺនៅជិតគ្រែជិត ក៏រុញធុងអុកស៊ីសែនឲ្យប្រពន្ធខ្ញុំមួយ កុំអីអត់ទាន់ហេតុការណ៍ ខ្ញុំស្លាប់បាត់ (លោកអេថា ពេទ្យបានរៀបចំអុកស៊ីសែន ដែលអាចផ្លាស់ប្ដូរខ្លួនឯងបាន តែគាប់ជួនប្រពន្ធលោកអូសចំធុងអស់)។ បន្ទាប់មកខ្ញុំក៏ស្រួល គ្រាន់តែអស់កម្លាំង និងហត់ ហើយបន្ដដាក់អុកស៊ីសែន រហូតប្រហែល ៣-៤ថ្ងៃ ពេលខ្ញុំមានកម្លាំងគ្រាន់បន្ដិច ពេទ្យក៏ប្ដូរអុកស៊ីសែនធំ មកអាតូច និងទី៣-ប្រហែល ៥-៦ថ្ងៃក្រោយមក ស្រាប់តែខ្ញុំភ្លឹកប្រហែលកន្លះម៉ោង ខ្ញុំស្មានតែពេលនោះ ខ្ញុំស្លាប់បាត់ហើយ ប្រពន្ធដាស់-ហៅយ៉ាងម៉េចក៏មិនដឹងខ្លួន ពេលដឹងខ្លួនមកគ្រូពេទ្យនៅជុំវិញ ស្មានតែពេទ្យឲ្យទៅផ្ទះ ខ្ញុំក៏សួរគ្រូពេទ្យឲ្យខ្ញុំទៅផ្ទះមែន? ប្រពន្ធខ្ញុំក៏ប្រាប់ “បងឯងភ្លឹកឡើងកន្លះម៉ោងហើយ”។ ខ្ញុំភ្លឹកហ្នឹង ពេទ្យថា ដោយសារជាងស្ករចុះច្រើនពេក»។
អតីតកីឡាករប្រដាល់គុនខ្មែរដដែលបានសប្បាយចិត្តជាខ្លាំង ក្រោយបានជាសះស្បើយជំងឺកូវីដ-១៩ ហើយលោកថា មានកត្ដាសំខាន់ៗជាច្រើន ដែលជំរុញឲ្យលោកយកឈ្នះជំងឺរាតត្បាតជាសកលនេះ ពិសេសគឺការទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាតែម្ដង។
លោកថា «កត្ដាសំខាន់ ដែលរួមចំណែកធ្វើឲ្យខ្ញុំបានជាសះស្បើយ ទី១-ប្រពន្ធ កូនៗ រួមទាំងកូនសិស្សខ្ញុំបានផ្ដល់កម្លាំងចិត្តឲ្យខ្ញុំ ទី២-ខ្ញុំសូមអរគុណក្រុមគ្រូពេទ្យនៅទីនោះ គាត់មើលថែខ្ញុំបានល្អ និងផ្ដល់កម្លាំងចិត្តដល់ខ្ញុំ។ ទី៣-មានបងប្អូនអ្នកគាំទ្រច្រើន គាត់បានសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ដើម្បីទិញម្ហូបអាហារ ខ្ញុំអរគុណពួកគាត់ច្រើនមែនទែន ពិសេសឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ក៏ដូចជាបងស្រី ទ្រី ដាណា និងបងឧកញ៉ា ឡេង និមល ដែលគាត់បានឧបត្ថម្ភ និងលើកទឹកចិត្តខ្ញុំដែរ»។
«ប៉ុន្ដែអ្វីដែលពិសេសមែនទែន គឺសម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលពេលនោះ បើខ្ញុំអត់បានចាក់វ៉ាក់សាំងរបស់សម្ដេច ខ្ញុំក៏ប្រហែលអត់បានរស់ដែរ ដោយសារខ្ញុំបានចាក់វ៉ាក់សាំង ២ដង ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺហ្នឹង ដល់ចឹងទោះបីខ្ញុំឆ្លងមែន តែមិនធ្ងន់ធ្ងរដល់អាយុជីវិតនោះទេ វាធ្ងន់ធ្ងរដែរ តែវាបានជួយកាត់បន្ថយពាក់កណ្ដាល។ មែនទែនទៅ បើសិនខ្ញុំគ្មានវ៉ាក់សាំងរបស់សម្ដេចទេ ខ្ញុំស្លាប់បាត់ហើយ។ ចឹងខ្ញុំពិតជាអរគុណសម្ដេចខ្លាំងណាស់»។ លោក អេ ភូថង និយាយ។
ចុងក្រោយលោក អេ ភូថង បានធ្វើការអំពាវនាវ «ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន ពិសេសអនុវត្ត ៣ការពារ និង ៣កុំ ហើយកុំគិតថា ជំងឺស្រាល ឬអត់មាន ព្រោះខ្ញុំបានឆ្លងកាត់រួចហើយ ខ្ញុំឃើញអស់ហើយ ពិសេសអ្នកអត់ចាក់វ៉ាក់សាំងវិញ ឈឺតែ ១ថ្ងៃអីវាស៊ីសួតយើងភ្លាមៗ។ អញ្ចឹងកុំមើលងាយការចាក់វ៉ាក់សាំង ព្រោះការចាក់វ៉ាក់សាំងល្អណាស់ ទោះបីមិនអាចជួយយើងបាន ១០០% តែវាជួយការពារយើងមិនបណ្ដាលឲ្យស្លាប់បានទេ»។
គួរដឹងថា លោក អេ ភូថង បានធ្វើតេស្ដវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១១ ខែកក្កដា ហើយបានសម្រាកព្យាបាលនៅមណ្ឌលពហុកីឡដ្ឋានជាតិ។ ប៉ុន្ដែដោយសារលោកមានជំងឺប្រចាំកាយច្រើន ទើបធ្វើឲ្យជំងឺមានការវិវត្ដន៍លឿនរហូតប្រើប្រាស់អុកស៊ីសែន។ តែដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ គួបផ្សំលោកមានវ៉ាក់សាំងការពារជំងឺកូវីដផង លោកក៏បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញមកផ្ទះនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១
៕