(ភ្នំពេញ)៖ តារាចម្រៀងគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា បានបញ្ចេញនូវបទចម្រៀងថ្មី ចំនួន២បទ ព្រមគ្នា ដែលជាបទបែបមនោសញ្ចេតនាស៉ីជម្រៅ មានអត្ថន័យស្នេហាដ៏លន្លង់លន្លោច ពិសេសសម្រាប់យុវវ័យសម័យថ្មី បន្ទាប់ពីតារារូបនេះ ហាក់ស្ងប់ស្ងាត់មួយរយៈ មិនបានបញ្ចេញបទចម្រៀង ព្រោះតែស្ថានភាពនៃជំងឺកូវីដ១៩។
ចម្រៀងទាំង២បទ សម្រាប់តារាចម្រៀង តន់ ចន្ទសីម៉ា ត្រូវបានផលិតកម្ម Galaxy Navatra សម្រិតសម្រាំងឡើងយ៉ាងពិសេស ទាំងអត្ថន័យ រូបភាព ប្លង់ថត គឺមានសភាពត្រជាក់ប្លែកភ្នែក ពេលបានទស្សនា MV និងមានទេសភាពល្អៗ ស្អាតៗ ដែលបានផុសឡើងក្នុងបទទាំងពីរនេះ។
តារាចម្រៀងស្រីល្បីឈ្មោះ តន់ ចន្ទសីម៉ា ត្រូវបានមហាជនមើលឃើញថា មួយរយៈចុងក្រោយនេះ ផលិតកម្មមិនបានបញ្ចេញបទចម្រៀងថ្មីៗសម្រាប់នាងឡើយ បន្ទាប់ពីបទចម្រៀងល្បីៗជាច្រើនរបស់នាង បានវាយលុកទីផ្សារចម្រៀងស្ទើរតែទាំងស្រុង កាលពីដើម និងពាក់កណ្ដាលឆ្នាំ២០២១នេះ។
ការស្ងប់ស្ងាត់នេះ មិនមែនមានន័យថា ផលិតកម្ម Galaxy Navatra ពុំមានសកម្មភាពណាមួយនោះទេ ពោលគឺផលិតកម្មកំពុងតែរៀបចំយុទ្ធសាស្ត្រ ថ្មីៗធំៗជាច្រើនទៀត សម្រាប់តារាចម្រៀងរបស់ខ្លួន ខណៈថ្មីៗនេះផលិតកម្ម Galaxy Navatra ក៏កំពុងបញ្ជាទិញរ៉ូបូតមួយគ្រឿងពីប្រទេសអាល្លឺម៉ង់ មានតម្លៃប្រមាណជាង២០ម៉ឺនដុល្លារ ដើម្បីជួយសម្រួលសង្វាក់ការងារក្នុងផលិតកម្មទៀតផង៕