(តូក្យូ)៖ ព្រឹត្តិការណ៍តូក្យូអូឡាំពិក ឆ្នាំ២០២០ (Tokyo Olympics 2020) បានបិទបញ្ចប់ហើយនៅថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីពន្យារពេលអស់ ១ឆ្នាំដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ ក្រុមអត្តពលិកសហរដ្ឋអាមេរិក បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ ដែលមានមេដាយច្រើនជាងគេរហូតដល់ ១១៣គ្រឿង ខណៈចិនទទួលបានមេដាយ ៨៨គ្រឿង ហើយជប៉ុនដែលជាម្ចាស់ផ្ទះ ទទួលបានមេដាយ ៥៨គ្រឿង។

កីឡាចម្រុះអូឡាំពិក ត្រូវបានបង្កើតឡើងជុំវិញស្មារតីនៃមិត្តភាព សាមគ្គីភាព និងការលេងដោយយុតិ្តធម៌។ វាថែមទាំងលើកស្ទួយការអត់ឱនឲ្យគ្នា និងការយោគយល់គ្នា ក្នុងពិភពលោកដែលមានបញ្ហាកាន់តែខ្លាំងឡើង ដើម្បីឲ្យពិភពលោកមានសន្តិភាពវិញ។

ទោះបីជាយ៉ាងនេះក្តី ប៉ុន្មានឆ្នាំនេះការផ្តល់ប្រាក់រង្វាន់បន្ថែមដល់អត្តពលិកក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ ក្លាយជាការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងលើពិភពលោក ជាងការណ៍ដែលអត្តពលិកប្រកួតគ្នាក្នុងព្រឹត្តិការណ៍អូឡាំពិកទៅទៀត។ ប្រការនេះ ធ្វើឡើងដើម្បីលើកទឹកចិត្តដល់អត្តពលិកឲ្យខិតខំយកមេដាយជូនជាតិ។

គណៈកម្មការអូឡាំពិកអន្តរជាតិ (IOC) មិនផ្តល់ប្រាក់រង្វាន់ដល់អត្តពលិក ដែលទទួលបានមេដាយពីការប្រកួតទេ ប៉ុន្តែបណ្តាប្រទេសនានាទៅវិញទេ ដែលផ្តល់ប្រាក់ដល់អត្តពលិកពួកគេ សម្រាប់អ្នកឈ្នះមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធក្តី។ ប្រាក់រង្វាន់ទៀតសោត មានការផ្តល់ឲ្យនូវចំនួនខុសៗគ្នាទៅតាមប្រទេសនីមួយៗ។

យោងតាមការផ្សាយដោយសារព័ត៌មាន face2faceafrica មានមូលដ្ឋាននៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានដកស្រង់ទិន្នន័យពី CNBC ឲ្យដឹងថា អត្តពលិកសិង្ហបុរីដែលឈ្នះមេដាយមាស ទទួលបានប្រាក់រង្វាន់ពីរដ្ឋាភិបាលខ្លួនច្រើនជាង ដែលចំនួននេះលើសពីអត្តពលិកអាមេរិក និងកាណាដា ដល់ទៅ ២ដងឯណោះ។

ប្រភពដដែលបានបញ្ជាក់ថា៖
* ១៖ គណៈកម្មការអូឡាំពិកសិង្ហបូរី ផ្តល់ប្រាក់រង្វាន់ ៧៣៧,០០០ដុល្លារអាមេរិក ដល់អត្តពលិកម្នាក់ៗដែលឈ្នះមេដាយមាស ក្នុងនោះអ្នកឈ្នះមេដាយប្រាក់ ទទួលបាន ៣៦៩,០០០ដុល្លារអាមេរិក ខណៈអ្នកដែលឈ្នះមេដាយប្រាក់ ទទួលបាន ១៨៤,០០០ដុល្លារអាមេរិក។ ក្នុងចំណោមប្រាក់ ដែលអត្តពលិកទទួលបានពីរដ្ឋាភិបាល ពួកគេត្រូវបានទាមទារឲ្យបរិច្ចាគ ២០ភាគរយដល់សមាគមកីឡាអន្តរជាតិ សម្រាប់ការហ្វឹកហាត់ និងការអភិវឌ្ឍកីឡានាពេលអនាគតផងដែរ។

* ២៖ កាហ្សាក់ស្ថាន ឈរលេខ២ ជាប្រទេសផ្តល់ប្រាក់រង្វាន់ដល់អត្តពលិកច្រើនជាងគេ សម្រាប់មេដាយមាស។ សមាគមអូឡាំពិកនៃប្រទេសនេះ ផ្តល់ប្រាក់ ២៥០,០០០ដុល្លារអាមេរិក សម្រាប់មេដាយមាស ក្នុងនោះ ១៥០,០០០សម្រាប់មេដាយប្រាក់ និងផ្តល់ ៧៥,០០០ដុល្លារអាមេរិក សម្រាប់មេដាយសំរឹទ្ធ។

* ៣៖ អ៉ីតាលី ផ្តល់ប្រាក់ដល់អ្នកឈ្នះមេដាយមាស ២១៣,០០០ដុល្លារអាមេរិក ក្នុងនោះផ្តល់ ១០៧,០០០ដុល្លារអាមេរិក សម្រាប់មេដាយប្រាក់ ហើយផ្តល់ ៧១,០០០ដុល្លារអាមេរិក សម្រាប់មេដាយសំរឹទ្ធ។

* ៤៖ អត្តពលិកអាមេរិក ដែលឈ្នះមេដាយទទួលបាន ៣៧,០០០ដុល្លារអាមេរិក ពីរដ្ឋាភិបាល ខណៈដែលអ្នកឈ្នះមេដាយប្រាក់ ទទួលបាន ២២,០០០ដុល្លារអាមេរិក ហើយអ្នកឈ្នះមេដាយសំរឹទ្ធទទួលបាន ១៥,០០០ដុល្លារអាមេរិក។ នេះមានន័យថា រដ្ឋាភិបាលអាមេរិក ផ្តល់ប្រាក់រង្វាន់ដល់អ្នកឈ្នះមេដាយមាសទាំង ៣៩នាក់ ក្នុងចំណោមទឹកប្រាក់ ១,៤៦២,៥០០ដុល្លារអាមេរិក ខណៈដែលចំណាយដល់អ្នកឈ្នះមេដាយប្រាក់ទាំង ៤១នាក់ ចំនួន ៩២២,៥០០០ដុល្លារអាមេរិក ហើយចំណាយ ៤៩៥,០០០ដុល្លារអាមេរិក ដល់ឈ្នះមេដាយសំរឹទ្ធ៕