(ភ្នំពេញ)៖ ថ្មីៗនេះតារាចម្រៀងប្រចាំក្នុងផលិតកម្មសាន់ដេ គឺកញ្ញា ឃីន ស្រីនាថ ហៅអ៉ីវ៉ា បានរងនូវការជេរប្រទិចធ្ងន់ៗ រហូតដល់ថ្នាក់គំរាមប្រមាថ និងរាលដាលដល់តំណែងឪពុករបស់នាង គឺលោក អ៊ូវាំង ដែលត្រូវបានគេដឹងថា ជាមន្រ្តីយោធាផងនោះ ពីសំណាក់ស្រ្តីម្នាក់មិនបង្ហាញអត្តសញ្ញាណ ដែលត្រូវបានគេសង្ស័យថា ជាភរិយារបស់មន្រ្តីជាន់ខ្ពស់ណាម្នាក់ ហើយត្រូវបានតារាចម្រៀង អ៉ីវ៉ា បញ្ចេញវីដេអូជេរប្រមាថនេះ ជាសាធារណៈនៅក្នុងបណ្ដាញសង្គមផ្លូវការរបស់នាង ដើម្បីឲ្យមហាជន និងអ្នកគាំទ្រនាងបានដឹង។

នៅក្នុងវីដេអូ មានរយៈពេលប្រមាណជាង៣នាទី ដែលតារាចម្រៀង អ៉ីវ៉ា បានបញ្ចេញតាមរយៈសំឡេងទូរស័ព្ទ ដែលស្រ្តីម្នាក់ខាងលើខលមករូបនាង គឺមិនបានបង្ហាញអត្តសញ្ញាណឲ្យបានដឹងឡើយ ទោះបីជាតារាចម្រៀង អ៉ីវ៉ា ព្យាយាមសួរបញ្ជាក់ជាច្រើនដងក្ដី ពោលគឺគ្រាន់តែប្រាប់គណនីហ្វេសប៊ុកឈ្មោះថា «Ahjuly»។ ស្ត្រីខាងលើបានព្រមានតារាចម្រៀង អ៉ីវ៉ា និងបក្ខពួករបស់ខ្លួន កុំឲ្យមកជាប់ពាក់ព័ន្ធ និងរញ៉េរញ៉ៃបំផ្លាញកិត្តិយសថ្នាក់ដឹកនាំ ហើយឲ្យប្រាប់ដំណឹងនេះ ទៅដល់ប៉ារបស់ខ្លួនផងថា រូបគេ (ស្រ្តីខាងលើ) នឹងស្រាវជ្រាវទីតាំង ឬកន្លែងធ្វើការ ដើម្បីព្រមានដកស័ក្តិចេញទៀតផង។

តាមរយៈសម្ដីក្នុងវីដេអូដដែលបានបង្ហាញទៀតថា ស្រ្តីម្នាក់នោះនឹងរកវិធីសាស្ត្រកំចាត់អ្នកពាក់ព័ន្ធទាំងអស់ មិនថាតែតារាចម្រៀង អ៉ីវ៉ា នោះទេ ពោលគឺនៅមានតារាល្បីៗមួយចំនួនទៀត ដែលកំពុងជាប់ពាក់ព័ន្ធ ប៉ុន្តែប្រសិនបើតារាចម្រៀង អ៉ីវ៉ា ដឹងពីកំហុសចេះកែខ្លួន ដកខ្លួនចេញពេលនេះ គឺស្រ្តីម្នាក់នោះនឹងទុកឱកាសឲ្យនាង។

ជុំវិញរឿងរ៉ាវដ៏រសើបនេះ តារាចម្រៀង អ៉ីវ៉ា បានថ្លែងប្រាប់ Fresh News Plus ទាំងអស់សំណើចនៅព្រឹកថ្ងៃនេះថា រូបនាងមិនដែលបានស្គាល់ស្ត្រីម្នាក់នោះឡើយ ហើយក៏មិនដែលបានជាប់ពាក់ព័ន្ធ ជាមួយនរណាដែរ។ អ៉ីវ៉ា បានបន្ថែមទៀតថា ស្ត្រីដែលខលមកគំរាមនាង គឺមិនមែនតែរូបនាងម្នាក់ទេ ពោលគឺនៅមានមនុស្សស្រីច្រើននាក់ទៀត តែមិនបានថតសំឡេងអស់។ អ៉ីវ៉ាចាត់ទុកថា ស្ត្រីម្នាក់នោះមិនមែនជាមនុស្សល្អជាទេ ព្រោះនិយាយត្រឡប់ត្រឡិនទៅមុខទៅក្រោយ អាចប៉ះពាល់សតិអារម្មណ៍ ព្រោះការនិយាយស្ដី គឺជេរគេដៀលគេគ្រប់តែគ្នា។

តារាចម្រៀង អ៉ីវ៉ា បន្តទៀតថា «ខ្ញុំមិនដែលស្គាល់គាត់ថា ជានរណាទេ ហើយភាគរយនៃគណនីហ្វេសប៊ុករបស់គាត់ គឺក្លែងក្លាយ ហើយក៏មិនដឹងថាបង្កើតឡើងក្នុងគោលបំណងអ្វីដែរ គ្រាន់តែថា សម្រាប់ខ្ញុំដំបូងមានអារម្មណ៍ថា ខឹងដែរ ព្រោះធម្មតាខ្ញុំអត់បានដឹងអ្វីផង ត្រូវគេមកជេរមកដៀមដាមបែបនេះ និងគំរាមទៀត នរណាទ្រាំបានបង..! ប៉ុន្តែខ្ញុំគិតថា បើគាត់ជាមនុស្សល្អជា មិនមែននៅសុខៗត្រូវមកធ្វើអ៉ីចឹងទេ..!»

តារាចម្រៀងស្រីរូបនេះបន្ថែមថា កន្លងមកធ្លាប់មានអ្នកមកប្រាប់ថា គណនីហ្វេសប៊ុករបស់ស្រ្តីម្នាក់នោះ ដើរតែខមមិនជេរគេជេរឯងពេញតែហ្វេសប៊ុក ហើយនិយាយរួមឲ្យតែមនុស្សស្រី គឺស្រីម្នាក់នោះមានអារម្មណ៍ខឹង ហើយដឹងតែជេរគេហើយ ទើបនាងគិតថា ជាមនុស្សមានបញ្ហាសតិអារម្មណ៍។

សូមបញ្ជាក់ថា តាមរយៈសារជាសំឡេង ដែលតារាចម្រៀង អ៉ីវ៉ា បង្ហោះជាសាធារណៈនោះ គឺស្រ្តីខាងលើអាចជាភរិយារបស់មន្រ្តីយោធាជាន់ខ្ពស់ណាម្នាក់ ព្រោះបានអួតអាងពីអំណាចរបស់ខ្លួន ដោយមិនខ្លាចញញើត នឹងនរណាម្នាក់ឡើយ។ ការព្រមានមិនឲ្យតារាចម្រៀង អ៉ីវ៉ា បង្ហោះសារឌឺដងគ្នានេះ អាចជារឿងស្នេហាត្រីកោណ ដែលមានជាប់ពាក់ព័ន្ធជាមួយនឹងប្ដីស្រ្តីខាងលើ។

ខាងក្រោមនេះជាវីដេអូដែលតារាចម្រៀង អ៉ីវ៉ា បានបញ្ចេញ៖