(ប៉ារីស)៖ ទីបំផុតកំពូលកីឡាករ Messi បានទៅដល់ទីក្រុងប៉ារីសដោយសុវត្ថិភាពហើយ ខណៈក្រុមអ្នកគាំទ្រជាច្រើនកំពុងរង់ចាំស្វាគមន៍កីឡាករខ្សែប្រយុទ្ធដ៏ល្បាញល្បីនេះ។
កីឡាករ Lionel Messi បានព្រមព្រៀងចុះកិច្ចសន្យាលេងឲ្យក្លិប Paris Saint-Germain ជាផ្លូវការហើយ ក្រោយចប់ការកិច្ចសន្យាជាមួយក្លិបអេស្ប៉ាញ FC Barcelona នារដូវកាលមុនរួចមក។
ខ្សែប្រយុទ្ធប្រធានក្រុមអាហ្សង់ទីន វ័យ ៣៤ឆ្នាំខាងលើនេះ បានយល់ព្រមចុះសន្យារយៈពេល ២ឆ្នាំលេងនៅកីឡដ្ឋាន Parc des Princes ជាមួយលក្ខខណ្ឌ ៣ជម្រើសផ្សេងទៀតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅល្ងាចថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ នេះ។
Messi រកបានចំណូលសរុបជិត ១៦០លានដុល្លារក្នុង ១ឆ្នាំកាលលេងនៅ FC Barcelona វាជាដំណឹងមិនល្អឡើយសម្រាប់ក្លិបអង់គ្លេស Manchester City និងម្ចាស់ជើងឯក UEFA Champions League, តោខៀវ Chelsea ក្នុងការប្រជែងយកពានកម្រិតកំពូលប្រចាំទ្វីបអឺរ៉ុប គ្រាដែល PSG ក្វាករចង់ឈ្នះពាននេះណាស់ ព្រោះមិនធ្លាប់លើកឡើយនាពេលកន្លងមក បានត្រឹមរងជើងឯកម្តងកាលឆ្នាំ២០២០ នៅពេលចាញ់ Bayern Munich របស់អាល្លឺម៉ង់នៅវគ្គផ្តាច់ព្រ័ត្រនោះ។
បើយោងតាមលោក Guillem Balague អ្នកសារព័ត៌មានអេស្ប៉ាញបានឲ្យដឹងថា PSG នឹងបន្តផ្តោតលើពាន UCL ដ្បិតខកចិត្ត ២រដូវកាលចុងក្រោយមកនេះ ដែលជាកត្តាជំរុញនាំយក Messi មកទៀត ក្រោយពេលនាំយក Neymar ពីក្លិប FC Barcelona ដូចគ្នាកាលឆ្នាំ២០១៧ កន្លងទៅ។
Messi នឹងចាប់ដៃគូជាមួយ Neymar នៅក្លិបថ្មី Paris Saint-Germain ជាបន្តទៀត ដូចដែលពួកគេធ្លាប់ធ្វើកាលលេងនៅទឹកដី Camp Nou៕