(ប៉ារីស)៖ Lionel Messi ដែលទើបចុះកិច្ចសន្យារួចរយៈពេល ២ឆ្នាំជាមួយ Paris Saint-Germain នឹងអាចចូលលេង ១ប្រកួតដំបូងពេលក្លិបនេះប៉ះគូប្រជែង Strasbourg ក្នុងទឹកដីនៅ Ligue 1 នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះតែម្តង។

ចុងសប្តាហ៍នេះ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលបារាំង Ligue 1 នឹងឈានចូលសប្តាហ៍ទី២ នៃរដូវកាលថ្មីឆ្នាំ២០២១-២០២២ ដោយមាន ២០ក្រុមចូលរួមប្រកួត ២ជើង គ្រាដែល PSG ក្នុងនាមជាក្រុមរងជើងឯករដូវកាលមុន ក៏រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាកផងដែរ ពេលយកឈ្នះម្ចាស់ផ្ទះ Troyes ក្នុងលទ្ធផល ២-១។

Messi ដែលនឹងទទួលប្រាក់ឈ្នួលជាង ៦៩ម៉ឺនក្នុង ១សប្តាហ៍នោះ នឹងចាប់ដៃគូជាមួយមិត្តចាស់ Neymar និង Kylian Mbappe នៅតំបន់ប្រយុទ្ធខាងលើ។

ក្រោយបង្ហាញខ្លួន និងចុះកិច្ចសន្យារួចរាល់ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន វ័យ ៣៤ឆ្នាំ Messi ក៏ថ្លែងប្រាប់ BBC ថា «វាមានសារៈសំខាន់ក្នុងការបន្តអាជីពបាល់ទាត់របស់ខ្ញុំនៅរដ្ឋធានីប៉ារីសក្នុងក្លិបដែលល្អផ្តាច់គេ និងស្របទៅតាមគោលដៅរបស់ខ្ញុំផង។ ខ្ញុំក៏បានដឹងថា ក្លិបនេះសំបូរទៅដោយកីឡាករមានទេពកោសល្យ និងបុគ្គលិករួសរាយរាក់ទាក់ ទើបខ្ញុំសម្រេចចិត្តមកទីនេះ ដើម្បីធ្វើរឿងដ៏អស្ចារ្យជាមួយពួកគេ និងអ្នកគាំទ្រផងដែរ»។

ចំណែកលោក Nasser al-Khelaifi ដែលជាប្រធានក្លិប PSG ក៏បានថ្លែងដែរថា «ខ្ញុំពិតជារីករាយណាស់ដែលបាន Lionel Messi មកចូលរួមជាមួយក្លិបពួកុយើង។ គាត់មិនលាក់បាំងក្នុងការបន្តទេពកោសល្យដ៏អស្ចារ្យរបស់លោកនៅលើទីលាន ដើម្បីឈ្នះពានជាមួយពួកយើងឡើយ ស្របទៅតាមគោលដៅដែលពួកយើងចង់បានជាយូរមកហើយ»។

គួរបញ្ជាក់ផងថា Lionel Messi បានសម្រក់ទឹកភ្នែកចាកចេញពីក្លិបដែលគេលេងតាំងពីអាយុ ១៣ឆ្នាំមកម្ល៉េះ ដោយបន្សល់ទុក ៦៧២គ្រាប់ពីការចូលលេងបាន ៧៧៨ប្រកួតនៅទឹកដី Camp Nou របស់ក្លិបអ្នកមានបុណ្យ FC Barcelona៕