(អាមេរិក)៖ ចៅក្រមរបស់អាមេរិក បានច្រានចោលសំណើរបស់ក្រុមហ៊ុន Intel ក្នុងការលុបចោលបណ្ដឹងរំលោភប៉ាតង់ ក្រុមហ៊ុន VLSI Technology LLC ដែលមានតម្លៃរហូតដល់ ២.១៨ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។

កាលពីដើមឆ្នាំ ២០២១ តុលាការរដ្ឋតិចសាស់បានប្រកាសថា ក្រុមហ៊ុន Intel បានរំលោភទៅលើប៉ាតង់មួយចំនួនរបស់ក្រុមហ៊ុន VLSI Technology LLC និងបានឱ្យក្រុមហ៊ុន Intel ផ្ដល់ប្រាក់សំណងចំនួន ២.១៨ពាន់លានដុល្លារអាមេរិក ប៉ុន្តែក្រុមហ៊ុន Intel បានប្ដឹងតវ៉ា ហើយបណ្ដឹងនោះត្រូវបានយកមកដោះស្រាយម្ដងទៀតកាលពីខែមេសាប៉ុន្តែមិនបានបញ្ចប់ និងដោះស្រាយឡើយ។

ក្រុមហ៊ុន Intel បានលើកឡើងថា តុលាការ និងក្រុមហ៊ុន VLSI Technology LLC បានបង្ហាញភស្តុតាងដែល មិនច្បាស់លាស់ ហើយ ការសម្រេចរបស់តុលាការហាក់មិនយុត្តិធម៌ចំពោះក្រុមហ៊ុន Intel ជាពិសេសគឺការទាមទារសំណងរបស់ក្រុមហ៊ុន VLSI Technology LLC គឺលើសពីអ្វីដែលបានកំណត់ក្នុងច្បាប់។

បើទោះបីជាក្រុមហ៊ុន Intel បានទាមទារឱ្យតុលាការលុបចោលពាក្យបណ្ដឹងមួយនេះជាច្រើនដងមកហើយក្ដី ក៏នៅពេលនេះចៅក្រមអាមេរិកបានបដិសេធសំណើនោះ និងបានសម្រេចឱ្យ Intel បង់ប្រាក់សំណងទៅឱ្យក្រុមហ៊ុន VLSI Technology LLC៕