(ម៉ានីល)៖ Manny Pacquiao នឹងជួបគូប្រកួត Yordenis Ugas វីញម្តង នៅពេល Errol Spence Jr សុំដកខ្លួន ដោយសារមានបញ្ហាភ្នែកនាពេលថ្មីៗនេះ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ នេះថា កីឡាករហ្វីលីពីន Manny Pacquiao នឹងជួបគូប្រជែង Yordenis Ugas ជំនួស Spence វិញនាចុងខែសីហា ឆ្នាំ២០២១ នេះដែលដាក់ខ្សែក្រវាត់ WBA ផងដែរ នៅពេលដែលគូប្រជែងអាមេរិក Spence បានប្រកាសដកខ្លួន ដោយសារមានបញ្ហាភ្នែក។

Pacquiao ដែលមានវ័យ ៤២ឆ្នាំទៅហើយនោះ ពុំដែលបានប្រកួតណាមួយឡើយគិតចាប់តាំងពីខែកក្កដា ឆ្នាំ២០១៩ មក នៅពេលដណ្តើមបានខ្សែក្រវាត់ WBA ពីជើងខ្លាំងអាមេរិកដូចគ្នា Keith Thurman គ្រាដែលគូប្រជែងថ្មី Ugas ទើបតែបានផ្តួល Abel Ramos ដណ្តើមបានខ្សែក្រវាត់ WBA regular welterweight កាលពីខែកញ្ញា ឆ្នាំ២០២០ មុនពេលត្រូវបានផ្គូផ្គងឲ្យជួប Pacquiao នាថ្ងៃទី២១ ខែសីហាខាងមុខ។

ដំបូងឡើយ Ugas ដែលជាកីឡាករប្រដាល់សកលរបស់កុយបានោះ ត្រូវបានគេផ្គូផ្គងឲ្យប៉ះ Fabian Maidana ដើម្បីការពារខ្សែក្រវាត់ WBA regular លើកដំបូង មុនមកជំនួស Spence ដែលត្រូវប៉ះ Pacquiao ដែលកំពុងកាន់កំណត់ត្រា ៦២ប្រកួត ដោយចាញ់ ៧ដង និងស្មើ ២ដងនាពេលកន្លងមក៕