(អាមេរិក)៖ ក្រុមហ៊ុន SpaceX របស់លោក Elon Musk នៅទីបំផុតបានចុះកិច្ចព្រមព្រៀងជាមួយអង្គការ NASA ក្នុងការផលិតឈុត (សម្លៀកបំពាក់) អវកាសជំនាន់ថ្មី ដោយត្រូវបានគេដឹងថា កិច្ចព្រមព្រៀងនេះមានតម្លៃរហូតទៅដល់ ១ពាន់លានដុល្លារ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន SpaceX គឺជា ក្រុមហ៊ុន អាមេរិកមួយដែលបានជោគជ័យក្នុងការអភិវឌ្ឍ និងផលិតឈុតសម្លៀកបំពាក់ឲ្យអវកាសយានិករបស់យានអវកាសរបស់ SpaceX គឺ
យាន Dragon Spacecraft ជាពិសេសឈុតដែល SpaceX គឺមានមុខងារពិសេសអាចការពារអវកាសយានិក ពីហេតុការណ៍គ្រោះថ្នាក់អគ្គិសភ័យ និងបញ្ហាសំពាធអាកាសផ្សេងៗ។
អង្គការ NASA ធ្លាប់បានបង្ហាញក្ដីបារម្ភចំពោះកិច្ចការផលិតឈុតអវកាសនេះ ដោយសារតែវាត្រូវប្រឈមមុខ នឹងគ្រោះថ្នាក់ទាំងអស់ សម្រាប់ អវកាសយានិក មិនថាបញ្ហាដែលកើតមានឡើងនៅក្នុងយាន និងនៅក្រៅយាននោះទេ ដូច្នេះហើយទើបវាត្រូវបាន NASA ខំប្រឹងប្រែងស្វែងរកដៃគូផលិតដែលអាចធានាលើបញ្ហានេះបាន។
លោកស្រី Monica Witt អ្នកនាំពាក្យរបស់អង្គការ NASA បានឱ្យដឹងថា ការផ្តល់កិច្ចព្រមព្រៀងទៅឲ្យក្រុមហ៊ុន SpaceX នេះគឺជាការធ្វើឡើងឆ្លើយតបទៅនឹងសំណើរបស់ NASA ដែលបានចេញកាលពីខែកក្កដា ក្នុងការស្វែងរកក្រុមហ៊ុនទាំងឡាយណា ដែលស្ថិតនៅក្នុងឧស្សាហកម្មអវកាសដើម្បីអាចផលិតឈុតអវកាសជំនាន់ថ្មី ប្រកបដោយប្រសិទ្ធភាពទាំងសេវាកម្មនិងគុណភាព។
យោងតាមឯកសារ និងការបញ្ជាក់ពី NASA បានឱ្យដឹងថា ក្រុមអវកាសយានិកដែលស្ថិតនៅលើស្ថានីយអន្តរជាតិស្រាវជ្រាវអវកាស (ISS) នៅតែបន្តការប្រើប្រាស់ឈុតអវកាសម៉ូដែលចាស់ដែលមានអាយុកាល ៤៥ឆ្នាំហើយ៕