(សៀមរាប)៖ ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន ១៥ ដើម ដែលមានហានិភ័យខ្ពស់ ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្កលក្ខណៈងាយស្រួលសម្រាប់ការទស្សនាទេសភាពជុំវិញប្រាសាទនាគព័ន្ធ។

ដើមឈើដែលបានកាត់ដកហូត រួមមាន ដើមពពេលងាប់ ៣ដើម ត្រាច ១ដើម ច្រម៉ាស់ ១ដើម ក្រឡាញ់ ១ដើម ស្វាយ ៥ដើម ខ្នុរ ១ដើម ស្វាយចន្ទី ១ដើម និងចំបក់ដួលរលំ ១ដើម ដែលស្ថានភាពដើមឈើងាប់ទាំងនោះ ដុះទ្រេតក្នុងទឹកជាប់ស្ពានឈើផ្លូវដើរចូលប្រាសាទ និងដុះជាប់ប្រាសាទ។

ចំណែកឯដើមចំបក់ ១ដើម មានមែកសាខាច្រើន ដុះក្បែរប្រាសាទ ត្រូវបានកាត់ក្រី ៦មែកចេញ ដើម្បីសម្រាលតួដើម ចៀសវាងដួលរលំមកលើប្រាសាទ និងភ្ញៀវទេសចរ៕