(ភ្នំពេញ)៖ ខ្សែបម្រើស្លាបអង្គរថាយហ្គឺរ ឡុង ម៉េងហាវ បានទទួលស្គាល់ក្នុងរដូវកាលឆ្នាំ២០២១ គឺជាឆ្នាំដែលខ្លួនធ្វើបានល្អជាងគេ បើធៀបនឹងរដូវកាលមុនៗ ក្រោយចាកចេញពីសាលាបាល់ទាត់ជាតិបាទី។ ប៉ុន្ដែនៅពីក្រោយការកសាងភាពលេចធ្លោលើទីលាន ម៉េងហាវ បានទម្លាយនូវកត្ដាសំខាន់មួយដែលបានជំរុញ និងលើកទឹកចិត្តឲ្យរូបគេធ្វើបានល្អ គឺម្ដាយរបស់ខ្លួន។

អតីតសមាជិកក្រុមជម្រើសជាតិ U16 កម្ពុជារូបនេះបញ្ជាក់ថា «កត្ដាដែលជំរុញឲ្យខ្ញុំលេចធ្លោក្នុងរដូវកាលថ្មី គឺដោយសារពាក្យសម្ដីរបស់ម៉ាក់ខ្ញុំ គាត់តែងតែជំរុញលើកទឹកចិត្តខ្ញុំរហូត ពិសេសរាល់មុនការប្រកួត គាត់តែងតែប្រាប់ខ្ញុំឲ្យខំប្រឹង លេងឲ្យឈ្នះគេ ហើយគាត់តែងតែមើលការប្រកួតរបស់ខ្ញុំរហូត។ ពេលខ្ញុំលេងម្ដងៗ ឬពេលខ្ញុំទាត់ចូលអីហ្នឹង ខ្ញុំតែងតែនឹកឃើញដល់គាត់ និងបង្ហាញអារម្មណ៍មួយទៅគាត់ថា ខ្ញុំបានធ្វើវារួចហើយ...»

ម៉េងហាវ បន្ដថា «ក្រោយចាកចេញពីបាទី អត់មានរដូវកាលណាខ្ញុំធ្វើបានល្អនោះទេ ទើបតែរដូវកាលឆ្នាំ២០២១ ដែលខ្ញុំមកអង្គរថាយហ្គឺរ ដែលខ្ញុំធ្វើបានល្អ។ ប៉ុន្ដែទោះបីជាខ្ញុំលេចធ្លោប៉ុន្មានប្រកួតហ្នឹងមែន តែខ្ញុំអត់ដែលភ្លេចខ្លួនទេ ព្រោះខ្ញុំក៏មានគំនិតមួយដែរថា ចង់ជាប់ក្រុមជម្រើសជាតិ U-23 ហេតុនេះខ្ញុំនៅតែខិតខំប្រឹងហ្វឹកហាត់ និងប្រកួតជានិច្ច ដើម្បីសម្រេចគោលដៅរបស់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ»

គួរដឹងថា ខ្សែបម្រើវ័យក្មេង ឡុង ម៉េងហាវ មុនវិវត្តន៍ក្លាយជាកីឡាករសមាជិកក្លិបអាជីពនៃលីគកំពូលកម្ពុជា គេបានចំណាយពេលជាង ៥ឆ្នាំ ជាមួយសាលាបាល់ទាត់ជាតិបាទី ពោលគឺតាំងពីឆ្នាំ២០១៣ រហូតដល់ដំណាច់ឆ្នាំ២០១៨ មុនផ្ទេរមកក្លិបវិសាខា នៅឆ្នាំ២០១៩ តែគេមិនសូវបានលេងប៉ុន្មានទេ។ បន្ទាប់មកឆ្នាំ២០២០ ម៉េងហាវ បានផ្ទេរទៅក្លិបអគ្គិសនីកម្ពុជា មុនផ្ទេរមកក្លិបអង្គរថាយហ្គឺរនៅក្នុងរដូវកាលឆ្នាំ២០២១ ចាប់ផ្តើម។

សម្រាប់ជើងទី១ នៃរដូវកាលថ្មីនេះដែរ ឡុង ម៉េងហាវ បានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយអង្គរថាយហ្គឺរ ដោយបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង ចំនួន ៨លើក ក្នុងចំណោម ១០ប្រកួត ដោយរួមចំណែកជួយក្រុមឈ្នះ៦ ស្មើ២ និងចាញ់ ២ប្រកួត រកបាន ២០ពិន្ទុ ឈរលេខរៀងទី៣ បណ្ដោះអាសន្ន៕