(ភ្នំពេញ)៖ អាចចាត់ទុកថា នេះជាដំណឹងដ៏រីករាយមួយ សម្រាប់ផលិតករភាពយន្តខ្មែរ គឺលោក ហ៊ុយ យ៉ាឡេង ខណៈភាពយន្តរបស់លោក ដែលបានឆ្លុះបញ្ចាំងពីជីវិតតស៊ូ និងការលះបង់របស់ឪពុកចំពោះកូន ក្នុងគ្រួសារក្រីក្រ មានចំណងជើងថា «ដើម្បីកូន» ត្រូវបានជ្រើសរើសយកទៅដាក់បញ្ចាំង ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្ត សហរដ្ឋអាមេរិក «Cambodia Town Film Festival» នៅថ្ងៃទី២៤ ដល់ថ្ងទី២៦ ខែកញ្ញា ខាងមុខនេះ ដោយមានភាពយន្តមកពីបណ្ដាប្រទេស ក្នុងតំបន់អឺរ៉ុប និងអាស៉ី មិនក្រោម២០រឿងនោះទេ ដែលត្រូវចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីនេះ។

ផលិតករភាពយន្តរឿង «ដើម្បីកូន» និងជាតារាសម្ដែងក្នុងរឿងនេះ លោក ហ៊ុយ យ៉ាឡេង បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅព្រឹកនេះថា លោកពិតជារីករាយណាស់នៅពេលទទួលដំណឹងថា ភាពយន្តរបស់លោកផលិត គឺរឿង «ដើម្បីកូន» ត្រូវបានមហោស្រពភាពយន្ត នៅអាមេរិក នាទីក្រុងឡុងប៊ិច ជ្រើសរើសយកទៅដាក់បញ្ចាំង ជាមួយនឹងភាពយន្តមកពីបណ្ដាប្រទេសនានា ជាច្រើនទៀត។ លោកបន្តថា កន្លងលោកក៏ធ្លាប់នាំយកភាពយន្តខ្មែរ មានចំណងជើង «ធ្មប់» ទៅដាក់បញ្ចាំងដែរ។

លោក ហ៊ុយ យ៉ាឡេង បានបន្ថែមទៀតថា ដោយឡែកភាពយន្តរឿង «ដើម្បីកូន» គឺលោកគ្រាន់តែបានផ្ញើសាច់រឿងទាំងមូល ទៅដាក់បញ្ចាំងប៉ុណ្ណោះ រូបលោកមិនបានអញ្ជើញទៅផ្ទាល់នោះទេ ដោយហេតុថា មកពីស្ថានភាពនៃជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំង តម្រូវឲ្យរូបលោកធ្វើចត្តាឡីស័កច្រើនថ្ងៃ ដូច្នេះលោកពិតជាសោកស្ដាយមែនទែន ដែលមិនបានទៅចូលរួមដោយផ្ទាល់ដូចលើកមុន។ ប៉ុន្តែទោះជាយ៉ាងណា លោកបានបង្ហាញក្ដីសង្ឃឹមច្រើនជាងរឿងមុន ព្រោះលោកអះអាងថា រឿង «ដើម្បីកូន» គឺបានឆ្លុះបញ្ចាំងពីជីវិតរស់នៅក្នុងសង្គមជាក់ស្ដែង និងបានបង្ហាញពីការតស៊ូគ្រប់បែបយ៉ាងរបស់ឪពុក មានចំពោះកូនក្នុងគ្រួសារក្រីក្រ។

ដោយឡែកនៅក្នុងផេកផ្លូវការរបស់ «Cambodia Town Film Festival» បានបង្ហាញថា ខ្សែភាពយន្តរឿង «ដើម្បីកូន» គឺបានឆ្លុះបញ្ចាំងពីខ្សែជីវិតពិត របស់ឪពុកកម្សត់ម្នាក់ជាអ្នករត់ស៉ីក្លូ ក្នុងរាជធានីភ្នំពេញ ដែលបានពុះពារហែលឆ្លងឧបសគ្គ និងភាពលំបាកជាច្រើន ក្នុងឆាកជីវិតដើម្បីចញ្ចឹមកូនៗ។ រឿងនេះ ជាស្នាដៃដឹកនាំសម្តែងដោយលោក ហ៊ុយ យ៉ាឡេង។ ខ្សែភាពយន្តនេះ នឹងត្រូវយកទៅចាក់បញ្ចាំង ក្នុងមហាស្រពភាពយន្តប្រចាំឆ្នាំ «Town Film Festival» ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក៕