(ម៉ាឌ្រីដ)៖ Rafael Nadal បានដកខ្លួនចេញពីការប្រកួតវាយកូនបាល់ (Tennis) កម្រិតពាន Cincinnati Master 2021 ដោយសារបញ្ហារបួសជើង មុនពេលការប្រកួត US Open 2021 ដែលនឹងចូលមកដល់នៅ ៣សប្តាហ៍ខាងមុខ ខណៈការប្រកួតពាន Cincinnati Master ស្ថិតនៅសហរដ្ឋអាមេរិកដែលចាប់ផ្តើមនៅថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។

ប្រភពពី ATP Tour បានឲ្យដឹងនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ កីឡាករវាយកូនបាល់ Nadal មិនបានបង្ហាញខ្លួនប្រជែងពានកម្រិត Canadian Open កាលពីថ្ងៃអង្ការ ដែលបណ្តាលមកពីរបួសនេះដែរក្នុងសប្តាហ៍នេះ ខណៈបញ្ហារបូសនេះបានកើតឡើងតាំងពីប្រកួតពាន French Open នាខែមិថុនា គ្រាដែលបុរសវ័យ ៣៥ឆ្នាំរូបនេះ ក៏មិនចូលរួមប្រជែងពាន Wimbledon និងព្រឹត្តិការណ៍ Olympic Games នៅប្រទេសជប៉ុនផងដែរ។

ម្ចាស់ពានកម្រិត Grand Slam 20ដងនេះ ក៏បានបង្ហាញថា «ខ្ញុំមានបញ្ហានេះ ២-៣ខែមកហើយ ដោយមិនសប្បាយចិត្តសម្រាប់ស្ថានភាពនេះទេ» ខណៈដែលការប្រកួត US Open ដែលរូបគេឈ្នះបាន ៤លើកនោះ នឹងចាប់ផ្តើមការប្រកួតនៅពីថ្ងៃទី៣០ ខែសីហា ហើយបញ្ចប់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១៕