(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សលកម្ពុជា គ្រោងបញ្ជូនកីឡាករជម្រើសជាតិ ៣រូបទៅបោះជំរំហ្វឹកហាត់នៅបារាំង នាថ្ងៃទី១៣ ខែសីហាស្អែកនេះ ប៉ុន្ដែបេសកកម្មនេះ ត្រូវបានពន្យារពេលទៅដើមខែក្រោយវិញ ដោយសារបញ្ហាស្នើសុំទិដ្ឋាការ (Visa) នៅស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការសហព័ន្ធលោក ប៊ុយ សុភ័ណ្ឌ។

អគ្គលេខាធិការរូបនេះបានបញ្ជាក់ថា កីឡាករ ៣រូបដែលសហព័ន្ធបានជ្រើសរើសបញ្ជូនទៅហ្វឹកហាត់នៅបារាំងនេះរួមមានទី១-កីឡាករ សៅ រង្សី អាយុ ២១ឆ្នាំ ទម្ងន់ ៥២គីឡូក្រាម ដែលជាម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ទី២-កីឡាករ សែត សារឹទ្ធ អាយុ ២៣ឆ្នាំ ទម្ងន់ ៦៤គីឡូក្រាម និងទី៣- កីឡាករ វី សុភ័ស អាយុ ២១ឆ្នាំ ទម្ងន់ ៦៩គីឡូក្រាម។

លោក ប៊ុយ សុភ័ណ្ឌ បន្ដថា «គម្រោងដែលយើងគ្រោងបញ្ជូនកីឡាករទៅហាត់នៅបារាំងនាថ្ងៃទី១៣ ខែសីហា ឥឡូវយើងត្រូវលើកពេល ដោយសារបញ្ហាស្នើសុំទិដ្ឋាការ (Visa) នៅស្ថានទូតបារាំងយើងជួបបញ្ហា។ ដូច្នេះឥឡូវនេះ យើងគ្រោងបញ្ជូនពួកគាត់ទៅបារាំងនៅថ្ងៃទី០៧ ខែកញ្ញាវិញ»

លោកថា ការពន្យារពេលចេញដំណើរនេះបានធ្វើឲ្យខាតពេលដល់ការបោះជំរំនៅទីនោះ ដ្បិតដំបូងឡើយសហព័ន្ធគ្រោងបញ្ជូនទៅហាត់រយៈពេល ៣ខែ។ «គម្រោងយើងទៅហ្វឹកហាត់នៅបារាំង គឺមានរយៈពេល ៣ខែ ប៉ុន្ដែឥឡូវដោយសារបញ្ហាស្នើសុំទិដ្ឋាការអត់ទាន់បាន គឺយើងពន្យារទៅថ្ងៃទី០៧ ខែកញ្ញាវិញ អញ្ចឹងអាចសល់ប្រហែល ២ខែជាងសម្រាប់ការហ្វឹកហាត់នៅទីនោះ»

សម្រាប់ការហ្វឹកហាត់ក្រៅស្រុករបស់កីឡាករប្រដាល់សកលនេះ គឺទទួលបានការឧបត្ថម្ភផ្នែកស្នាក់នៅ ហូបចុក និងថ្លៃសំបុត្រយន្ដហោះពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងប្រាក់ឧបត្ថម្ភប្រចាំខែពីក្រសួងអប់រំ។ ចំណែកដៃគូសហការនៅប្រទេសបារាំង គឺក្លិប Sportif នៅទីក្រុង Nouzonville គឺផ្ដល់នៅទីតាំង និងការហ្វឹកហាត់។ លោក ប៊ុយ សុភ័ណ្ឌ បន្ថែម។

បេសកកម្មនេះដែរនឹងដឹកនាំដោយគ្រូបង្វឹកជម្រើសជាតិជនជាតិគុយបា លោក Felix Merlin Martinez ដើម្បីសម្រួចសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដែលពន្យារពេលពីឆ្នាំ២០២១ ទៅខែមេសា ឆ្នាំ២០២២ ផង និងត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផង៕