(ភ្នំពេញ)៖ ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តជូនធនាគារ ជីប ម៉ុង បន្ថែមដើមទុនចុះបញ្ជីចំនួន ៣០ លានដុល្លារអាមេរិកបន្ថែមទៀត ដែលធ្វើឱ្យដើមទុនសរុបកើនឡើងរហូតដល់ ១០៥ លានដុល្លារអាមេរិក ក្នុងការប្រតិបត្តិការធនាគាររយៈពេលជាង ២ ឆ្នាំនេះ ដើម្បីឆ្លើយតបនឹងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន។

លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង បានថ្លែងថា «យើងពិតជាមានមោទកភាពជាខ្លាំង ដែលធនាគារបង្កើតឡើងដោយភាគទុនិកជាកូនខ្មែរ និងមានទុន ១០០% ជារបស់ខ្មែរ មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាងពីរឆ្នាំប៉ុណ្ណោះយើងអាចពង្រីកដើមទុនចាប់ពី ៧៥ ទៅ ១០៥ លានដុល្លារអាមេរិក»។

លោកបន្ថែមថា បើទោះបីវិបត្តិនៃជំងឺកូវី១៩ នៅតែបន្តក្តី តែធនាគារនៅតែសម្រេចដាក់ទុនបន្ថែម ដើម្បីគាំទ្រតម្រូវការអតិថិជន គោរពបទដ្ឋានគតិយុត្តធនាគារជាតិ ធានាផ្តល់ទំនុកចិត្តជូនអតិថិជនរបស់ធនាគារ ជីប ម៉ុង។ ធនាគារ ជីប ម៉ុង ជឿជាក់ថាទុនបន្ថែមនេះនឹងជួយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុថ្មីៗ តាមរយៈបច្ចេកវិទ្យាដ៏ទំនើប និងសេវាកម្មឆាប់រហ័សជូនអតិថិជនរបស់ធនាគារ ជីប ម៉ុង។

លោកបានបន្តទៀតថា ទើបបង្កើតជាងពីរឆ្នាំមែន ប៉ុន្តែធនាគារ ជីប ម៉ុង មានភាគទុនិកជាក្រុមហ៊ុន ជីប ម៉ុង គ្រុប គាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងរឹងមាំ និងមានទិសដៅយូរអង្វែងស្ថិតនៅជាមួយអតិថិជនជានិច្ច។ ធនាគារ ជីប ម៉ុង ខិតខំទ្វេដង ដើម្បីឱ្យអតិថិជនកាន់តែពេញចិត្ត និងផ្តល់ការគាំទ្របន្តទៀត ព្រោះថាការយកចិត្តទុកដាក់ និងផ្តល់សេវាកម្មល្អឥតខ្ចោះជូនអតិថិជន គឺជាអាទិភាពចម្បង។

គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង មានទ្រព្យសកម្មសរុបជិត ៧០០ លានដុល្លារអាមេរិក ដែលក្នុងនោះឥណទានសរុបកើនឡើងជិត ៥០០ លានដុល្លារអាមេរិក និងទទួលបានប្រាក់បញ្ញើពីអតិថិជនជាង ៦០០ លានដុល្លារអាមេរិក។ បច្ចុប្បន្នធនាគារ ជីប ម៉ុង មានសាខាចំនួន ៨ នៅរាជធានីភ្នំពេញ និង ៣ សាខាទៀត ស្ថិតនៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប៕