(កូរ៉េ)៖ បន្ទាប់ពីបើកសវនាការម្តងជាពីរដង ជុំវិញបទចោទប្រកាន់ជាច្រើនករណី នៅពេលនេះតុលាការកូរ៉េ បានប្រកាសជាផ្លូវការហើយ ចំពោះរឿងក្តីរបស់តារាចម្រៀងល្បីឈ្មោះ Seungri ដែលជាអតីតសមាជិកក្រុមចម្រៀង Big Bang ដោយសម្រេចឲ្យតារារូបនេះ ជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់ ចំនួន១.១៥ពាន់លានវ៉ុន ប្រមាណ ៩៨៨,៦២៧ ដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន allkpop នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

បើតាមសារព័ត៌មាន SBS បានឲ្យដឹងថា តុលាការយោធាកូរ៉េ បានសម្រេចជាផ្លូវការ ផ្តន្ទាទោសអតីតតារាចម្រៀង Seungri ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទល្មើស «ពេស្យាចារ» និង «លេងល្បែងស៉ីសងខុសច្បាប់»។ Seungri តម្រូវឲ្យបង់ប្រាក់ពិន័យចំនួន ១.១៥ពាន់លានវ៉ុន (៩៨៨,៦២៧.១៧ ដុល្លារអាមេរិក) ផងដែរ។

គួរជម្រាបថា បើតាមប្រភពព័ត៌មាន អតីតតារាចម្រៀងល្បីរូបនេះ ប្រឈមនឹងបទចោទប្រកាន់រហូតដល់ទៅ ៩ករណីឯណោះ ហើយកន្លងទៅតុលាការបានសម្រេចកាត់ទោស ឲ្យលោកជាប់ពន្ធនាគារយៈពេល៥ឆ្នាំ ប៉ុន្តែត្រូវបានតារារូបនេះប្តឹងជំទាស់។ តែយ៉ាងណា នៅពេលនេះលោកត្រូវបានតុលាការសម្រេចជាផ្លូវការហើយ ដោយឲ្យជាប់ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់ ១.១៥ពាន់លានវ៉ុន៕