(ប៉ារីស)៖ Lionel Messi អាចរកចំណូលបាន ៧៥លានដុល្លារក្នុងមួយឆ្នាំៗ ពេលលេងឲ្យ Paris Saint-Germain (PSG) ហើយជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់ជាងគេក្នុងលោក។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Forbes។

Messi បានផ្ទេរពីក្លិបនៅអេស្ប៉ាញ Barcelona ដោយគ្មានតម្លៃខ្លួន ប៉ុន្តែ PSG បានសម្រេចផ្តល់ថ្លៃពលកម្ម ៤១លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ជាមួយនឹងកិច្ចសន្យា ២ឆ្នាំ និងអាចបន្តថែម ១ឆ្នាំទៀត។ លើសពីនេះ បើតាមការផ្សាយដោយសារព័ត៌មាន Forbes គឺ Messi អាចរកចំណូលបាន ៧៥លានដុល្លារអាមេរិកពីប្រាក់ឈ្នួល ក្នុងមួយឆ្នាំៗ នៅ PSG ដែលនេះជាប្រាក់ឈ្នួលខ្ពស់ជាងគេបំផុតក្នុងវិស័យបាល់ទាត់។

បើនិយាយពីប្រាក់ចំណូលពីវិស័យបាល់ទាត់ និងបើរាប់តាំងពីនៅដើមឆ្នាំ២០២១ ទៀតនោះ, Messi បានក្លាយជាកីឡាករបាល់ទាត់ ដែលរកចំណូលបានច្រើនជាងគេបំផុតរួចស្រេចទៅហើយ បើប្រៀបធៀបនឹងអ្នកប្រកបអាជីពដូចគ្នា។ កំពូលកីឡាកររូបនេះរកបាន ១៣០លានដុល្លារ ក្នុងមួយឆ្នាំៗ ដែលក្នុងនោះ ៩៧លានដុល្លារ រកបានពីប្រាក់ឈ្នួល ក៏ដូចជាលុយបន្ថែម កាលនៅលេងឲ្យ Barcelona និង ៣៣លានដុល្លារទៀត ជាចំណូលឯករាជ្យតាមរយៈការផ្សាយពាណិជ្ជកម្ម ឬចំណូលក្រៅអាជីព ដូចជា Adidas, Anheuser Busch InBev, Gatorade, Hard Rock Cafe Inc., Jacob & Co, Ooredoo និង Pepsi ជាដើម។

នៅឆ្នាំ២០២១នេះដែរ Cristiano Ronaldo ដែលមានកិច្ចសន្យា ៤ឆ្នាំលេងឲ្យសេះបង្កង់ Juventus រកចំណូលបាន ១២០ដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះ កិច្ចសន្យាគាត់ក្នុងមួយឆ្នាំជាមធ្យមបាន ៦៤លានដុល្លារ ហើយបូកលុយថែមទៀត ធ្វើឲ្យគាត់រកបានពីបាល់ទាត់ ៧០លានដុល្លារ ក្នុងមួយឆ្នាំ ខណៈដែល ៥០លានដុល្លារទៀត រកបានពីការផ្សាយពាណិជ្ជកម្មឯករាជ្យ។

នៅឆ្នាំ២០២១នេះទៀតសោត បើនិយាយពីចំណូលអត្តពលិកវិញ មានមនុស្សម្នាក់ ដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងលោក ពោលគឺធ្លាក់ទៅលើវិស័យកីឡាប្រដាល់។ ម្នាក់នោះឈ្មោះ Conor McGregor ដែលជាកីឡាប្រដាល់របស់ UFC។ តាមពិតទៅ កីឡាប្រដាល់រូបនេះ មានប្រាក់ឈ្នួល ក្នុងមួយឆ្នាំ ត្រឹមតែ ២២លានដុល្លារប៉ុណ្ណោះ ពីអាជីពគាត់ ប៉ុន្តែគាត់ទទួលបាន ការផ្សព្វផ្សាយពាណិជ្ជកម្មឯករាជ្យ ឬចំណូលក្រៅអាជីព ដល់ទៅ ១៥៨លានដុល្លារ ក្នុងមួយឆ្នាំ ដែលធ្វើឲ្យចំណូលប្រចាំឆ្នាំ កើនដល់ ១៨០លានដុល្លារ។

ប្រការនេះហើយធ្វើឲ្យ Forbes ធ្វើចំណាត់ថ្នាក់ថា អត្តពលិកដែលរកចំណូលបានខ្ពស់ជាងគេក្នុងលោក ធ្លាក់ទៅលើ Conor McGregor បន្ទាប់មកគឺ Messi។ ប៉ុន្តែ បើនិយាយពីចំណូល លើវិស័យបាល់ទាត់វិញ Messi ជាប់លេខ១ រីឯ Ronaldo ជាប់លេខ២។

យោងតាម Forbes យើងនឹងបែងចែកចំណាត់ថ្នាក់អត្តពលិក ដែលមានប្រាក់ឈ្នួលច្រើនជាងគេ និងកីឡាករបាល់ទាត់ដែលមានប្រាក់ឈ្នួលជាងគេ ក្នុងឆ្នាំ២០២១ ដូចខាងក្រោម៖

* ចំពោះអត្តពលិកដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេ ចំនួន ៥រូបរួមមាន៖

១៖ កីឡាប្រដាល់ក្នុងទ្រុង Conor McGregor ចំណូល ១៨០លានដុល្លារ ក្នុងនោះ ២២លានដុល្លារជាប្រាក់ឈ្នួល និង ១៥៨លានដុល្លារ ជាចំណូលក្រៅអាជីព
២៖ កីឡាករបាល់ទាត់ Lionel Messi ចំណូល ១៣០លានដុល្លារ ក្នុងនោះ ៩៧លានដុល្លារជាប្រាក់ឈ្នួល និង ៣៣លានដុល្លារ ជាចំណូលក្រៅអាជីព
៣៖ កីឡាករបាល់ទាត់ Cristiano Ronaldo ចំណូល ១២០លានដុល្លារ ក្នុងនោះ ៧០លានដុល្លារជាប្រាក់ឈ្នួល និង ៥០លានដុល្លារជាចំណូលក្រៅអាជីព
៤៖ កីឡាករបាល់អោប Dak Prescott ចំណូល ១០៧.៥លានដុល្លារ ក្នុងនោះ ៩៧.៥លានដុល្លារជាប្រាក់ឈ្នួល និង ១០លានដុល្លារ ជាចំណូលក្រៅអាជីព
៥៖ កីឡាករបាល់បោះ LeBron James ចំណូល ៩៦.៥លានដុល្លារ ក្នុងនោះ ៣១.៥លានដុល្លារ ជាប្រាក់ឈ្នួល និង ៦៥លានដុល្លារ ជាចំណូលក្រៅអាជីព។

* ចំពោះកីឡាករបាល់ទាត់ដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេ ៥រូបរួមមាន៖

១៖ Lionel Messi ចំណូល ១៣០លានដុល្លារ ក្នុងនោះ ៩៧លានដុល្លារជាប្រាក់ឈ្នួល និង ៣៣លានដុល្លារ ជាចំណូលក្រៅអាជីព
២៖ Cristiano Ronaldo ចំណូល ១២០លានដុល្លារ ក្នុងនោះ ៧០លានដុល្លារជាប្រាក់ឈ្នួល និង ៥០លានដុល្លារជាចំណូលក្រៅអាជីព
៣៖ Neymar ចំណូល ៩៥លានដុល្លារ ក្នុងនោះ ៧៦លានដុល្លារជាប្រាក់ឈ្នួល និង ១៩លានដុល្លារ ជាចំណូលក្រៅអាជីព
៤៖ Kylina Mbappe ចំណូល ៤០លានដុល្លារ ក្នុងនោះ ២៦លានដុល្លារ ជាប្រាក់ឈ្នួល និង ១៤លានដុល្លារ ជាចំណូលក្រៅអាជីព
៥៖ Mohamed Salah រកចំណូលបាន ៣៨លានដុល្លារ ក្នុងនោះ ២៣លានដុល្លារ ជាប្រាក់ឈ្នួល និង ១៥លានដុល្លារជាចំណូលក្រៅអាជីព៕