(ភ្នំពេញ)៖ សមាគមនកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ(ទ័ព) បានបង្ហាញខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ទៀតហើយ គឺខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Chan-young HA ដែលផ្ទេរមកពីលីគទី២ កូរ៉េខាងត្បូង ហើយក៏ធ្លាប់លេងនៅក្លិប FC 08 Hombury នៅប្រទេសអាល្លឺម៉ង់ផងដែរ។

Chan-young HA គឺជាកីឡាករបរទេសទី២ ដែលក្រុមកងយោធពលខេមរភូមិន្ទបាននាំចូលមកពង្រឹងក្រុមនៅជុំទី២ នៃលីគកំពូលកម្ពុជា បន្ទាប់ពីខ្សែប្រយុទ្ធនីហ្សេរីយ៉ា Timothy Okereke ដែលត្រូវបានក្លិបប្រកាសចុះកិច្ចសន្យា កាលពីដើមសប្ដាហ៍កន្លងទៅ។ បច្ចុប្បន្នកីឡាករកម្ពស់ ១.៨១ម៉ែត្ររូបនេះទើបមានវ័យ ២០ឆ្នាំប៉ុណ្ណោះ។

តាមការបញ្ជាក់របស់លោក ខូវ ឆាយ អគ្គលេខាធិការក្លិបធ្លាប់បានឲ្យដឹងថា វត្តមានរបស់ខ្សែប្រយុទ្ធថ្មីទាំង ២រូបនឹងត្រូវជំនួសតំណែងខ្សែប្រយុទ្ធប្រេស៊ីល Cristiano Santos ម្នាក់ ដែលត្រូវបានក្លិបផ្ដាច់កុងត្រាកាលពីថ្មីៗ ខណៈម្នាក់ទៀត មិនទាន់ដឹងត្រូវជំនួសអ្នកណានោះទេ រវាងកីឡាករបរទេស ៤រូបដែលក្លិបកំពុងមានក្នុងដៃ ពោលគឺក្លិបរង់ចាំមើលការប្រកួតសេសសល់ក្នុងជុំទី១ នូវទម្រង់លេងរបស់ពួកគេ ថាតើកីឡាកររូបណា នឹងត្រូវជម្រុះចេញ?

គួរបញ្ជាក់ថា បច្ចុប្បន្ន Chan-young HA ទើបមានវ័យ ២០ឆ្នាំប៉ុណ្ណោះ។ មុនផ្ទេរមកកម្ពុជា កីឡាករកម្ពស់ ១.៨ម៉ែត្ររូបនេះបានផ្ដើមអាជីពដំបូងជាមួយក្លិប Osan U18 នៃប្រទេសកូរ៉េខាងត្បូង មុនផ្ទេរទៅក្លិប MFK Tatran Liptovsky Mikulas នាប្រទេសស្លូវ៉ាគីកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ រូបគេបានលេងឲ្យក្លិប FC 08 Homburg នាប្រទេសអាល្លឺម៉ង់៕