(អេស្ប៉ាញ)៖ ក្លិប Real Madrid បានអះអាងនៅថ្ងៃពុធថា កីឡាករខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Takefusa Kubo នឹងចំណាយពេលនូវរដូវកាលក្រោយ ក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយក្លិប Mallorca, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។
វានឹងជារដូវកាលទី៣ជាប់គ្នាហើយ ដែលក្លិប Real Madrid បានផ្តល់លក្ខខណ្ឌខ្ចីជើង លើកីឡាករវ័យក្មេងរូបនេះ ហើយវានឹងក្លាយជារដូវកាលទី២ របស់លោក ជាមួយនឹងក្លិប Mallorca ជាទីកន្លែងដែលលោក បានបង្ហាញខ្លួន៣៦ប្រកួត និងបានស៊ុតបញ្ចូលទី៤គ្រាប់ ក្នុងយុទ្ធនាការ២០១៩-២០២០, បើទោះបីជាលោក មិនអាចជួយសង្គ្រោះក្លិប ពីការកាត់ចេញទៅកាន់លីគលំដាប់ទី២ក្តី។
«Real Madrid និង RCD Mallorca បានព្រមព្រៀងគ្នា ក្នុងការខ្ចីជើងកីឡាករ, Takefusa Kubo សម្រាប់រដូវកាលនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២», នេះបើតាមក្លិប Real Madrid បានប្រាប់ឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួន។
កីឡាករខ្សែប្រយុទ្ធ, ដែលបានលេងតំណាងឲ្យជប៉ុន នៅក្នុងព្រឹត្តិការណ៍ Olympic Games កាលពីពេលថ្មីៗនេះ, បានចំណាយពេលពាក់កណ្តាលរដូវកាលមុន ជាមួយក្លិប Villarreal ប៉ុន្តែបានចូលរួមជាមួយក្លិប Getafe វិញ ក្នុងការដោះដូរកីឡាករ កាលពីខែមករា។
Kubo គឺជាកីឡាករទី២ហើយ ដែលបានចេញពីក្លិប Real Madrid ក្នុងរយៈពេល២៤ម៉ោង, បន្ទាប់ពីកីឡាករខ្សែការពារ Victor Chust, ដែលបានចូលរួមជាមួយក្លិប Cadiz សម្រាប់យុទ្ធនាការនឹងមកដល់ នាពេលខាងមុខ កាលពីថ្ងៃអង្គារ៕