(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់តោខៀវ Chelsea បានទិញខ្សែប្រយុទ្ធ Romelu Lukaku ពីក្លិប Inter Milan របស់អ៉ីតាលីក្នុងតម្លៃប្រមាណ ៩៧.៥លានផោន ស្មើនឹង ១៣៤លានដុល្លារអាមេរិក ដែលជាតម្លៃបំបែកកំណត់ត្រាក្នុងក្លិបប្រចាំទីក្រុង London នៃប្រទេសអង់គ្លេសផងដែរ។
ខ្សែប្រយុទ្ធអន្តរជាតិប៊ែលហ្សិក វ័យ ២៨ឆ្នាំខាងលើនេះព្រមព្រៀងចុះកិច្ចសន្យាលេងនៅទឹកដី Stamford Bridge រយៈពេល ៥ឆ្នាំ ក្រោយពេលចាកចេញកាលឆ្នាំ២០១៤ ទៅចូលរួមជាមួយ Everton ក្នុងតម្លៃ ២៨លានផោន។
Lukaku បានឈរនៅចំណាត់ថា្នក់លេខ២ ដែលមានការផ្ទេរមកលេងនៅ Premier League ថ្លៃជាងគេ បន្ទាប់ពី Manchester City ទិញ Jack Grealish ក្នុងតម្លៃជាង ១០០លានផោនពីក្លិប Aston Villa។
Romelu Lukaku រកបាន ២៤គ្រាប់នៅ Serie A នារដូវកាលមុនជាមួយ Inter Milan នៅពេលជួយក្លិបនេះឈ្នះជើងឯកពានកម្រិតកំពូលអ៉ីតាលី ក្រោយរង់ចាំអស់រយៈពេល ១១ឆ្នាំក្រោមការបង្វឹករបស់លោក Antoino Conte ដោយបានថ្លែងប្រាប់ BBC យ៉ាងខ្លីថា «ការត្រឡប់មកកាន់ក្លិបចាស់ Chelsea នេះដែរ គឺជាពេលដ៏ត្រឹមត្រូវសម្រាប់រូបគេ»៕