(ម៉ាឌ្រីដ)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអេស្ប៉ាញ La Liga Santander បានចុះកិច្ចព្រមព្រៀងជាមួយគម្រោង CVC Capital Partners ដែលមានទំហំទឹកប្រាក់ប្រមាណ ២.១ពាន់លានផោន ស្មើនឹងជិត ៣ពាន់លានដុល្លារអាមេរិក នៅពេលក្លិបធំ២ រួមមាន Real Madrid និង FC Barcelona បានធ្វើការបដិសេធនាពេលកន្លងមក។
ពិធីចុះហត្ថលេខាលើគម្រោងខាងលើនេះ គឺត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ រវាងលោក Javier Tebas ប្រធាន La Liga និងម្ចាស់គម្រោងឯកជន CVC នឹងទទួលបាន ១០ភាគរយពីប្រាក់លក់សិទ្ធិផ្សាយព្រឹត្តិការណ៍បាល់ទាត់ La Liga នេះផងដែរ។
កន្លងមកប្រធានក្លិប Real Madrid លោក Florentino Perez បានបដិសេធចំពោះគម្រោងនេះ និងបានប្រកាសពីចេតនារបស់ខ្លួនក្នុងការប្រឆាំងទៅនឹង La Liga ដែលទទួលយកគម្រោងដ៏យូរអង្វែងនេះ ក្នុងនោះដែរមាន Real Madrid, Barcelona, Atletico Bilbao និង ១ក្រុមទៀតលេងនៅក្របខណ្ឌទី២ ក្នុងចំណោម ៤២ក្លិបនៅដែលយល់ព្រម បានធ្វើការច្រានចោលនូវគម្រោងនេះដូចគ្នា។
តែយ៉ាងណាប្រធាន La Liga លោក Javier Tebas បាននិយាយថា កិច្ចព្រមព្រៀងជាមួយ CVC Capital Partners គឺជាការទប់ស្កាត់ចំពោះបញ្ហាប្រឈម ដែលក្លិបនានាធ្លាប់ជួបប្រទះនាពេលកន្លង មានដូចជាបញ្ហាហិរញ្ញវត្ថុជាដើម និងបានសង្កត់ធ្ងន់ថា «យើងមិនបានលក់អ្វីទៅឲ្យ CVC ទេ»៕