(ភ្នំពេញ)៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានៅថ្ងៃទី១៣ ខែសីហានេះ បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៦ បន្ដអាណត្តិទី៧ តាមប្រព័ន្ធ Zoom ខណៈលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានទទួលការបោះឆ្នោតគាំទ្រធ្វើប្រធានសហព័ន្ធអាណត្តិថ្មី ចាប់ពីឆ្នាំ២០២១-២០២៥។

មហាសន្និបាតនេះ បានរៀបចំឡើង ដោយមានការចូលរួមពីគណៈកម្មាធិការប្រតិបត្តិ ទីប្រឹក្សាសហព័ន្ធ សមាគម និងក្លិបកីឡាប៉េតង់រាជធានី-ខេត្ត ហើយក៏មានការចូលរួមធ្វើជាសាក្សីពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ ដើម្បីបន្ដជំរុញការអភិវឌ្ឍវិស័យកីឡាដ៏មានសក្ដានុពលមួយនេះឲ្យកាន់តែរីកចម្រើន ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោក ស សុខា បានសម្ដែងការអរគុណចំពោះគណៈកម្មាធិការប្រតិបត្តិ ដែលផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតគាំទ្រលោកបន្ដធ្វើជាប្រធានសហព័ន្ធ និងប្ដេជ្ញាចិត្ដថា «ក្នុងនាមជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិទី៧ ខ្ញុំសូមប្តេជ្ញាចិត្តបំពេញកិច្ចការងារសម្រាប់អាណត្តិថ្មី សំដៅបម្រើផលប្រយោជន៍សហព័ន្ធ និងដើម្បីតបស្នងចំពោះការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំងស្វែងរកលទ្ធផលល្អៗ ជោគជ័យថ្មីៗ ជូនអ្នកគាំទ្រ និងជាតិមាតុភូមិនៃយើង»

ចំពោះសមាសភាពថ្នាក់ដឹកនាំសហព័ន្ធអាណត្តិថ្មី ក្រៅពីលោក ស សុខា ជាប្រធានសហព័ន្ធ គឺមានលោក ប៊ូ ជុំសេរី, លោក អ៊ុក សិទ្ធិជាតិ, លោក ស៊ុម សុជាតិ, លោក លាង ឃុន និងលោក សុខ ហុង ជាអនុប្រធានសហព័ន្ធ, លោក សុខ សប្បាយណា ជាអគ្គលេខាធិការ, លោក ព្រំ ប៊ុណ្ណយី និងកញ្ញា គីន សំណាង ជាអគ្គលលេខាធិការង, លោក ណុប ដារ៉ា ជាអគ្គហេរញ្ញិក, លោក មៀង ឈាង, លោក ទេស សូ, លោក ឡាយ សែម និងលោក ពៅ វណ្ណា ជាសមាជិក៕