(ម៉ាឌ្រីដ)៖ FC Barcelona នឹងលេងរដូវកាលថ្មីនេះ ដោយគ្មានតារាឆ្នើមក្នុងក្រុមជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០០៣ នៅពេល Lionel Messi ចាកចោលទ្រនំចាស់ទៅចូលរួមជាមួយក្លិបបារាំង Paris Saint-Germain ដូចខ្សែការពារ Sergio Ramos គ្រាដែល Zinedine Zidane បានលាឈប់ពី Real Madrid នៅក្រោយបញ្ចប់រដូវកាលមុន។
ការចាកចេញរបស់ Cristiano Ronaldo កាលឆ្នាំ២០១៨ ទៅកាន់លីគកំពូល Serie A របស់អ៉ីតាលីវិញ ធ្វើឲ្យការប្រកួតប្រជែងនៅក្របខណ្ឌ La Liga ធ្លាក់ចុះបន្តិច មុនពេលជួបវិបត្តិទូទាំងសកលលោក ដោយសារជំងឺ Covid-19 ក្នុងឆ្នាំ២០២០ រហូតឈានដល់ពុំមានអ្នកគាំទ្រតែម្តងក្នុងទីលាន ចាប់តាំងពីខែមីនាមករហូតដល់បច្ចុប្បន្ន។
ក្នុង ២រដូវកាលចុងក្រោយដែល Barcelona មានតារាជើងស៊ុត Lionel Messi លេងនោះ ក្រុមខ្លាំងប្រចាំតំបន់ Catalan មួយនេះឈ្នះបានតែពាន ១ប៉ុណ្ណោះ គឺ Copa del Rey ដ្បិតបញ្ហាហិរញ្ញវត្ថុក្នុងក្លិបក៏មានបញ្ហាទៀត បើទោះបីជា Messi ព្រមកាត់ប្រាក់ពលកម្ម ៥០ភាគរយហើយ នៅតែមិនអាចទៅរួចទៀត។
La Liga រដូវកាលថ្មីឆ្នាំ២០២១-២០២២ នឹងចាប់ផ្តើមដំណើរការចាប់ពីរាត្រីនេះហើយ ដោយអនុញ្ញាតឲ្យមានអ្នកគាំទ្រក្នុងទីលានផងដែរ គ្រាដែល FC Barcelona ត្រូវលេង ១ប្រកួតដំបូងពេលប៉ះ Real Sociedad នារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដោយពុំមានវត្តមានខ្សែប្រយុទ្ធថ្មី Sergio Aguero ដោយសារជួបបញ្ហារបួសរហូតដល់ចុងខែតុលា ឆ្នាំ២០២១ ទើបជា និងមានតែ Memphis Depay ដែលទើបផ្ទេរពីក្លិបបារាំង Lyon មុនរដូវកាលថ្មីចាប់ផ្តើម។
ចំណែកឯ Real Madrid វិញ មានទាំងអ្នកចាត់ការទូទៅថ្មី គឺលោក Carlo Ancelotti ទើបត្រូវបានតែងតាំងជំនួសកៅអី Zinedine Zidane ដែលបានលាឈប់នោះ មានទាំងកីឡដ្ឋាន និងខ្សែការពារថ្មីផងដែរ ជាមួយ David Alaba នៅពេលចប់កិច្ចសន្យាជាមួយ Bayern Munich ដែលត្រូវរ៉ាប់រងកន្លែងរបស់ Sergio Ramos និង Raphael Varane ដែលពួកគេទាំងពីរ សុទ្ធសឹងតែបានលេងវគ្គផ្តាច់ព្រ័ត្រដូចគ្នាពេល Real Madrid ឈ្នះជើងឯក UEFA Champions League ៣សម័យកាលជាប់គ្នាចុងក្រោយនោះ៕