(ក្រុងឡុងដ៍)៖ លោក Dean Smith អ្នកចាត់ការទូទៅ Aston Villa បានថ្លែងក្នុងសន្និសីទមុនចាប់ផ្តើមរដូវកាលថ្មី Premier League ថា ក្រុមរបស់លោកអាចនឹងខ្លាំងជាងមុន នៅពេលលក់ប្រធានក្រុម Jack Grealish បានលុយជាង ១០០លានដុល្លារទៅឲ្យ Manchester City នោះ។
លោកថា «នៅពេលនេះ ក្រុមមានសព្វគ្រប់ហើយទាំងលុយ និងកីឡាករ។ យើងចង់កសាងក្រុមនេះឲ្យខ្លាំងជាងមុន ដោយពុំមាន Jack Grealish»។
Aston Villa នឹងចាប់ផ្តើម Premier League រដូវកាលថ្មីរបស់ពួកគេនៅរាត្រីថ្ងៃសៅរ៍នេះ ពេលជួបម្ចាស់ផ្ទះ Watford គ្រាដែលក្រុមមួយនេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១១ នៅលីគកំពូលអង់គ្លេសរដូវកាលមុន ក្រោមការបង្វឹករបស់ Dean Smith និងមាន Jack Grealish និងមាន John Terry ជាជំនួយការផងដែរ មុនពេលលាឈប់។
មុនរដូវកាលថ្មីចាប់ផ្តើម Aston Villa ទិញបានកីឡាករ ៣នាក់ដើម្បីយកមកពង្រឹងក្រុមផងដែរ ដោយរួមមាន Buendia វ័យ ២៤ឆ្នាំទិញក្នុងតម្លៃ ៣៣លានផោនបំបែកកំណត់ត្រាថ្លៃជាងគេក្នុងក្លិបពី Norwich City និង Bailey វ័យ ២៤ឆ្នាំដូចគ្នាពី Bayer Leverkusen និង Danny Ings មកពី Southampton ក្នុងតម្លៃ ២៥លានផោន៕