(អាមេរិក)៖ តុលាការពាណិជ្ជកម្មរបស់អាមេរិក បានចេញសេចក្ដីសម្រេចមួយនៅថ្ងៃសុក្រម្សិលមិញនេះថា ក្រុមហ៊ុន Google បាន រំលោភ ប៉ាតង់ចំនួន៥ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Sonos Inc ដោយប៉ាតង់ទាំងនោះភាគច្រើនគឺពាក់ព័ន្ធនឹងឧបករណ៍បំពងសំឡេងឆ្លាតវៃ និង បច្ចេកវិទ្យាមួយទៀត ខណ:ដែលសេចក្ដីសម្រេចនេះអាចនឹង ឈានដល់ការហាមឃាត់ការលក់ឧបករណ៍ទៀតនោះថែមទៀតផង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Sonos បាន ទាមទារឱ្យ តុលាការធ្វើការហាមឃាត់ការនាំចូលឧបករណ៍បំពងសំឡេង Smarthome និងស្មាតហ្វូន Pixel រួមនឹងផលិតផលមួយចំនួនទៀតរបស់ក្រុមហ៊ុន Google ពីទីផ្សារប្រទេសចិន ខណ:ដែលសេចក្ដីសម្រេចរបស់តុលាការមិនបានបង្ហាញលម្អិតអំពីការរំលោភប៉ាតង់នេះឡើយ។

ពាក់ព័ន្ធនឹងសេចក្ដីសម្រេចរបស់តុលាការនេះ ខាងក្រុមហ៊ុន Google មិនបានប្រតិកម្មឆ្លើយបតអ្វីនោះទេ គ្រាន់តែនៅមុននេះ Google ធ្លាប់បាននិយាយថា ក្រុមហ៊ុន Sonos បានស្វែងរកជំនួយពីខ្លួននៅក្នុងអំឡុងពេលនៃភាពជាដៃគូ រហូតដល់ Google បានដាក់ បញ្ជូល ផលិតរបស់ Sonos ទៅក្នុងសេវាកម្ម Play Music និង Google Assistant។

គួរបញ្ជាក់ផងដែរថា តុលាការនឹងបើកសវនាការម្ដងទៀតដើម្បីប្រកាសសេចក្ដីសម្រេចចុងក្រោយ ខណ:ដែលនៅពេលនេះ ក្រុមហ៊ុន Google និង Sonos ត្រូវបានគេសង្ស័យថាបាននិងកំពុងតែជួបពិភាក្សាគ្នាស្ងាត់ៗដើម្បីស្វែងរកដំណោះស្រាយក្នុងការបញ្ចប់បណ្ដឹង ប៉ាតង់ មួយនេះ៕