(ក្រុងឡុងដ៍)៖ បុរសវ័យចំណាស់ម្នាក់ ដែលជាអ្នកគាំទ្រក្រុម Brentford បានរំភើបរហូតដល់ស្រក់ទឹកភ្នែក ពេលដែលឃើញក្រុមរបស់ខ្លួន ឡើងមកលេងនៅ Premier League ជាលើកដំបូងក្នុងរយៈពេល ៧៤ឆ្នាំ ហើយស៊ុតបញ្ចូលទីក្រុម Arsenal ជាមួយនឹងការឈ្នះ ២ទល់០ ក្នុងថ្ងៃបើកឆាកពានកំពូលអង់គ្លេសរដូវកាលថ្មីឆ្នាំ២០២១-២០២២។ នេះបើតាមការផ្សាយដោយសារព័ត៌មាន football daily នៅថ្ងៃសៅរ៍ ទី១៤ ខែសីហា។

ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានបាត់បង់ ៣ពិន្ទុ នៅថ្ងៃបើកឆាកព្រឹត្តិការណ៍លីគកំពូលអង់គ្លេស Premier League រដូវកាលថ្មី ឆ្នាំ២០២១-២០២២ នៅពេលពួកគេបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Brentford ក្នុងលទ្ធផល ២-០ នៅរាត្រីឆ្លងចូលថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១ ដោយមានអ្នកគាំទ្រត្រឡប់មកទស្សនាក្នុងទីលានវិញផងដែរ។

Arsenal ដែលដឹកនាំដោយអ្នកចាត់ការទូទៅ Mikel Arteta បានចាប់ផ្តើមរដូវកាលថ្មីរបស់ពួកគេ ដោយគ្មានកីឡាករសំខាន់ៗឡើយ និងជាក្រុមដែលធ្វើមិនបានល្អផងដែរនៅ Pre-season និងប្រកួតចុងក្រោយចាញ់តោខៀវ Chelsea ២-១ នៅទឹកដីនៃកីឡដ្ឋាន Emirates ថែមទៀតផង។

ចំណែកឯ Brentford វិញបានវិលមកលេងនៅ Premier League ក្រោយរង់ចាំអស់រយៈពេល ៧៤ឆ្នាំរបស់ពួកគេ និងជាការធ្វើបានល្អ នៅថ្ងៃបើកឆាកយុទ្ធនាការនេះ ដ្បិតអ្នកចាំទី Arsenal, Leno បានធ្វើឲ្យមានកំហុសសម្រាប់គ្រាប់បញ្ចូលទីទី១ នោះ មុនបន្តរបូតគ្រាប់ទី២ ទៀតនៅចុងវគ្គទី២ រហូតធ្វើឲ្យក្រុមអ្នកគាំទ្រម្ចាស់ផ្ទះ Brentford រំភើបដល់ស្រក់ទឹកភ្នែក នៅពេលបញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី៕