(តូរីន)៖ លោក Federico Pastorello បានថ្លែងប្រាប់ BBC ថា រូបលោកត្រូវបានគំរាមកំហែងដល់អាយុជីវិត នៅពេលបំពេញការផ្ទេរឲ្យកីឡាករខ្សែប្រយុទ្ធជួរមុខ Romelu Lukaku ចេញពីក្លិប Inter Milan មកកាន់ទ្រនំចាញ់តោខៀវ Chelsea វិញក្នុងតម្លៃបំបែកកំណត់ត្រាជាង ១០០លានដុល្លារអាមេរិក។

លោកថា ទាំងរូបលោក និងក្រុមគ្រួសារបានទទួលសារគំរាមអាយុជីវិតពីជនអានាមិក និងចាត់ទុកថា «ការផ្ទេរ Lukaku ចេញពី Serie A របស់ប្រទេសអ៉ីតាលីជាការបង្ខិតបង្ខំ និងស្ថិតក្រោមឥទ្ធិពលលុយកាក់ជាដើម ដែលធ្វើឲ្យជនអនាមិកទាំងនោះគិតមិនល្អលើរូបខ្ញុំ និងគ្រួសារបែបនេះ»

ខ្សែប្រយុទ្ធអន្តរជាតិប៊ែលហ្សិក Romelu Lukaku បានបង្ហាញភាពលេចធ្លោជាខ្លាំងក្នុងរយៈពេល ២រដូវកាលលេងនៅទឹកដី San Siro ដោយស៊ុតបាន ៦៤គ្រាប់ពីការបង្ហាញខ្លួនបាន ៩៥ប្រកួតសរុប ក្រោយចាកចេញពីក្លិបអង់គ្លេស Manchester United និងជួយឲ្យ Inter Milan ស្ថិតក្រោមការបង្វឹករបស់លោក Antonio Conte ឈ្នះពាន Serie A រដូវកាលមុនផងដែរ។

Lukaku បានត្រឡប់មកកាន់កីឡដ្ឋាន Stamford Bridge វិញ ក្រោយចាកចេញក្នុងរយៈពេល ៧ឆ្នាំមកនេះ បន្ទាប់ពីជួយ Inter Milan ឈ្នះពានលីគកំពូលអ៉ីតាលី Serie A លើកទី១៩ ក្រោយរង់ចាំអស់ ១១ឆ្នាំមកនេះ មុនឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃបំបែកកំណត់ត្រាក្នុងក្លិបតោខៀវ Chelsea ៩៧.៥លានផោនថ្លៃជាងគេ បន្ទាប់ពី Jack Grealish ដែលផ្ទេរចេញពី Aston Villa មកកាន់ Etihad នៃក្លិប Manchester City ក្នុងតម្លៃ ១០០លានផោន៕