(អាមេរិក)៖ ក្រុមហ៊ុន Facebook និង Amazon បានស្នើសុំឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកអនុញ្ញាតលើគម្រោង អូសខ្សែកាប (data cable) ក្រោមសមុទ្រថ្មីមួយពីប្រទេសហ្វីលីពីន និងរដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីក្រុមហ៊ុនចិន China Mobile បានយល់ព្រមដកខ្លួន ចេញពី គម្រោងមួយនេះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងពីរខាងលើ បាន ស្នើសុំគណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) ដើម្បីជួយសម្រួលដល់ការងារប្រតិបត្តិការអូសខ្សែនេះ ដោយ Facebook និង Amazon គ្រោងនឹងចាប់ផ្ដើមគម្រោងនៅចុងឆ្នាំ២០២២។

ជាមួយគ្នានោះផងដែរ Facebook និង Amazon បានបញ្ជាក់ថា ខ្សែកាបក្រោមសមុទ្រថ្មីនេះគឺមានសមត្ថភាពខ្ពស់ និងខុសពីខ្សែកាប ផ្សេងៗ ដោយវានឹងបម្រើដល់ផលប្រយោជន៍យ៉ាងច្រើនដល់ពិភពលោក ដូច្នេះហើយទើបពួកគេអំពាវនាវឱ្យ FCC មេត្តាជំរុញលើគម្រោង នេះឱ្យបានឆាប់រហ័ស។

សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀតអំពីតួនាទីរបស់ចិនក្នុងការចូលខ្លួនមកដោះស្រាយ បញ្ហាពាក់ព័ន្ធនឹង Network Traffic ដោយក្នុងនោះបានព្រួយបារម្ភពីលទ្ធភាពដែលអាចធ្វើទៅបានលើករណីចារកម្ម ខណ:ដែលបច្ចុប្បន្នមានខ្សែកាបក្រោមសមុទ្រប្រហែល ៣០០ ត្រូវបានបង្កើតបានជាឆ្អឹងខ្នងនៃបណ្ដាញអ៊ីនធើណែត និងត្រូវបាន ប្រើប្រាស់រហូតដល់ ៩៩% នៃទិន្នន័យនៅក្នុងពិភពលោក។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០ ក្រុមហ៊ុន Facebook, Amazon និង China Mobile បានដាក់សំណើរួមគ្នាអូសខ្សែ កាប ក្រោម សមុទ្រ ប៉ុន្តែសំណើនោះត្រូវបាន FCC ច្រានចោល ដោយសារតែមានក្រុមហ៊ុនចិនចូលរួម ដូច្នេះហើយទើប China Mobile សម្រេចចិត្ត ដកខ្លួន៕