(អេស្ប៉ាញ)៖ កីឡាករ Lionel Messi ឥឡូវនេះស្ថិតក្នុងអតីតកាល របស់ Barcelona ហើយក្លិបត្រូវតែរស់នៅក្នុងពេលបច្ចុប្បន្ន, នេះបើតាមសម្តីលោកគ្រូបង្វឹក Ronald Koeman បានលើកឡើងនៅថ្ងៃសៅរ៍នេះ, ខណៈក្រុមរបស់លោក ត្រៀមសម្រាប់រដូវកាលថ្មី LaLiga ដោយគ្មានវត្តមានកីឡាករល្អបំផុត មិនធ្លាប់មានពីមុនមករបស់ពួកគេ និងការប្រយុទ្ធទៅនឹងវិបត្តិហិរញ្ញវត្ថុ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ។

Barca នៅតែមានភាពតានតឹង ក្រោយការចាកចេញរបស់កីឡាករ ដែលរកគ្រាប់បាល់បានច្រើនជាងគេ មិនធ្លាប់មានពីមុនមករបស់ពួកគេ ទៅកាន់ Paris St Germain បន្ទាប់ពីក្លិបមិនអាចសម្រេចកិច្ចសន្យាថ្មី ជាមួយកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ។ ប៉ុន្តែ លោក Koeman បានលើកឡើងថា វាគឺជាពេលវេលា ដើម្បីមើលទៅកាន់អនាគត ជាមួយនឹងការប្រកួតនាថ្ងៃអាទិត្យ ក្នុងការធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ក្រុមភ្ញៀវ Real Sociedad ដែលជាពេលវេលាមកដល់យ៉ាងលឿន។

«វាគឺជាភាពឈឺចាប់ សម្រាប់អ្នកគាំទ្រទាំងអស់របស់ Barcelona នូវអ្វីដែល Messi បានធ្វើសម្រាប់ក្លិប, ប៉ុន្តែយើងមិនអាចរស់នៅក្នុងអតីតកាលបានទេ», នេះបើតាមលោក Koeman បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន។ «ខ្ញុំពិតជារំភើប សម្រាប់រដូវកាលថ្មី, ហើយខ្ញុំរំពឹងថា អ្នកគាំទ្រនឹងចាប់អារម្មណ៍ដូចគ្នា។ យើងត្រូវតែរស់នៅក្នុងបច្ចុប្បន្ន មិនមែនអតីតកាលឡើយ»៕