(អង់គ្លេស)៖ ក្លិប Manchester United បានសម្រេចការចុះហត្ថលេខា ផ្ទេរកីឡាករខ្សែការពារផ្នែកកណ្តាល Raphael Varane មកពីក្លិប Real Madrid លើកិច្ចសន្យារយៈពេល៤ឆ្នាំ, នេះបើតាមការបញ្ជាក់ ពីក្លិបលេងនៅលីគអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ។
ក្លិបទាំងពីរ បានសម្រេចនូវកិច្ចព្រមព្រៀង សម្រាប់ការផ្ទេរកាលពីខែមុន, ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា United នឹងចំណាយប្រាក់ដំបូង៣៤លានផោន (៤៧លានដុល្លារ) សម្រាប់កីឡាករ Varane។
«ឱកាសមកទីនេះ និងលេងនៅ Premier League គឺជាអ្វីដែលខ្ញុំមិនអាចបដិសេធបាន», នេះបើតាមសម្តី Varane, ដែលបានជាប់ក្នុងក្រុមជម្រើសជាតិបារាំង៧៩ដង និងជាផ្នែកមួយនៃក្រុម ដែលបានឈ្នះពានរង្វាន់ World Cup របស់ពួកគេ ក្នុងឆ្នាំ២០១៨។
Varane, ដែលកិច្ចសន្យានៅក្លិប Real នឹងផុតកំណត់នៅរដូវកាលក្រោយនោះ, បានបង្ហាញខ្លួន៤១ប្រកួត ឲ្យក្លិបកាលពីរដូវកាលមុន ខណៈក្រុមដែលដឹកនាំអ្នកចាត់ការ Zinedine Zidane នេះ ទទួលបានលទ្ធផលជើងឯករង ដោយពានរង្វាន់ LaLiga បានទៅលើក្លិប Atletico Madrid។
ខ្សែការពារវ័យ២៨ឆ្នាំ, ដែលបានលេង៣៦០ប្រកួត ឲ្យក្លិប Real ចាប់តាំងពីចូលរួម ដោយចេញពីក្លិប Lens របស់បារាំង ក្នុងឆ្នាំ២០១១រូបនេះ, នឹងនាំយកនូវបទពិសោធន៍ដ៏ល្អ ទៅកាន់ក្លិប United, ដោយបានឈ្នះពានរង្វាន់កិត្តិយសធំៗ ចំនួន១៨គ្រឿង អំឡុងពេលលោកលេងនៅក្លិបរបស់អេស្ប៉ាញនេះ ក្នុងនោះរួមទាំងពានរង្វាន់ Champions League ចំនួន៤គ្រឿង និង LaLiga ចំនួន៣គ្រឿង៕