(ប៉ារីស)៖ ខ្សែប្រយុទ្ធថ្មី Lionel Messi ត្រូវបានគេធ្វើពិធីស្វាគមន៍ ក៏ដូចជាបង្វាញខ្លួនជាផ្លូវការនៅកីឡដ្ឋាន Parc des Princes ទៅដល់អ្នកគាំទ្រក្លិប Paris Saint-Germain មុនប្រកួតឈ្នះគូប្រដែង Strasbourg ដែលនៅសល់តែសមាជិកតែ ១០នាក់ក្នុងលទ្ធផល ៤-២ នារាត្រីឆ្លងចូលថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។
កីឡាករអន្តរជាតិអាហ្សង់ទីន វ័យ ៣៤ឆ្នាំខាងលើនេះបានបង្ហាញខ្លួនក្នុងចំណោមសមាជិកថ្មីទាំង ៥រូបរបស់ PSG នារដូវកាលថ្មីនេះដោយមាន Lionel Messi, Serigo Ramos, Gianluigi Donnarumma, Georginio Wijnaldum និង Achraf Hakimi។
នៅយប់នោះដែរ Messi ពុំបានចូលលេងក្នុងប្រកួតទី២ របស់ PSG ឡើយ ដោយអង្គុយនៅកៅអីទស្សនាដូចទៅនឹងមិត្តរួមក្រុម Neymar ផងដែរ នៅពេលក្រុមរបស់លោក Mauricio Pochettino រកបានជ័យជម្នះជាលើកទី២ ជាប់គ្នានៅ Ligue 1 នារដូវកាលថ្មីនេះ។
ការដែល Messi មិនទាន់ចូលលេងភ្លាមៗនៅក្នុងក្លិបនេះដែរ ក៏ព្រោះតែរូបគេទើបតែត្រឡប់មកពីបំពេញកាតព្វកិច្ចជាមួយជម្រើសជាតិអាហ្សង់ទីន ដោយឈ្នះបានពាន Copa America 2021 និងពុំទាន់យល់់ចិត្តគ្នាក្នុងក្លិបថ្មីជាមួយសមាជិកនៃក្រុម PSG ដោយបានត្រឹមតែមើលមិត្តរួមក្រុម Ramos, Donnarumma, Wijnaldum និង Hakimi លេងប៉ុណ្ណោះ៕