(ម៉ូនិច)៖ ក្លិបបាល់ទាត់ Bayern Munich បានបញ្ជាក់ថា អតីតខ្សែប្រយុទ្ធ Gerd Mueller សញ្ជាតិអាល្លឺម៉ង់ បានទទួលមរណភាព។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅមុននេះបន្តិច នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

គេហទំព័រ Bayern Munich បានប្រកាសថា ក្លិប និងអ្នកគាំទ្រទាំងអស់កំពុងកាន់ទុក្ខមរណភាពរបស់លោក Gerd Mueller ដែលបានទទួលមរណភាព កាលពីព្រឹកថ្ងៃអាទិត្យ នៅអាយុ ៧៥ឆ្នាំ។

Mueller បានបង្កើតប្រវត្តិសាស្ត្រជាមួយក្រុម Bayern និងក្រុមជម្រើសជាតិអាល្លឺម៉ង់។ គាត់បានស៊ុតបាល់បញ្ចូលទីចំនួន ៥៦៦ គ្រាប់ ដែលមិនគួរឱ្យជឿ នៅក្នុងការប្រកួតចំនួន ៦០៧ ដង សម្រាប់ក្រុម Bayern ហើយនៅតែរក្សាកំណត់ត្រាសម្រាប់ការរកគ្រាប់បាល់បានច្រើនបំផុតនៅក្នុងក្របខ័ណ្ឌ Bundesliga ជាមួយ ៣៦៥គ្រាប់ ក៏ដូចជាការជាប់ជាកីឡាករ ដែលស៊ុតបញ្ចូលទី ច្រើនជាងគេ ចំនួន ៧លើកផងដែរ។

Mueller រកបាន ៦៨ គ្រាប់ ក្នុងការបង្ហាញខ្លួន ៦២ លើក សម្រាប់ក្រុមជម្រើសជាតិ៕