(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធ Harry Kane បានថ្លែងកោតសរសើរលោក Nuno Espirito Santo ថានឹងដឹកនាំ Tottenham Hotspur បានល្អ ក្រោយយកឈ្នះ Manchester City ១-០ ប្រចាំសប្តាហ៍ទី១ របស់ពួកគេនៅ Premier League នៅមុខអ្នកទស្សនាប្រមាណជិត ៦ម៉ឺននាក់។

ដូចគ្នានោះដែរ កីឡាករ Harry Kane មិនត្រូវបានជ្រើសរើសលេងប្រកួតដំបូងបើកឆាកឡើយ ដ្បិតរូបគេទើបចប់ភារកិច្ចជាមួយជម្រើសជាតិអង់គ្លេស នៅ Euro 2020 និងបង្កើតប្រវត្តិសាស្ដ្រជាមួយតោកំណាចផងដែរ។

Kane បានបញ្ជាក់ថា «Spurs នៅតែធ្វើបានល្អ ក្រោមការដឹកនាំរបស់លោក Nuno ហើយក៏អាចធ្វើបានល្អផងដែរ ទោះជាគ្មានខ្សែប្រយុទ្ធល្អក៏ដោយ»។

Spurs បានក្លាយជាក្រុមទី១០ ចុងក្រោយគេដែលអាចរកបាន ៣ពិន្ទុពេលប៉ះក្រុមខ្លាំង Manchester City ដែលជាក្រុមការពារតំណែងជើងឯក Premier League ដោយពុំមានវត្តមានខ្សែប្រយុទ្ធ Harry Kane និងស៊ុតបញ្ចូលទីដោយ Son Heung-min នៅដើមវគ្គទី២ ដើម្បីបញ្ចប់សប្តាហ៍ទី១ នៅលីគកំពូលអង់គ្លេសរដូវកាលថ្មីនេះ ដោយមានក្រុម Manchester United បានកំពុងឈរនៅកំពូលតារាងជាបណ្តោះអាសន្នផងដែរ ពេលបំបាក់ Leeds United ៥-១៕