(អាមេរិក)៖ គណៈវិនិច្ឆ័យនៃតុលាការអាមេរិកបានសម្រេចឱ្យក្រុមហ៊ុន Apple បង់ប្រាក់សំណងប្រមាណជា ៣០០លានដុល្លារអាមេរិក ឱ្យ ទៅ ក្រុមហ៊ុន Optis Wireless Technology LLC និងក្រុមហ៊ុនមួយចំនួនទៀត បន្ទាប់ពីរកឃើញថា ក្រុមហ៊ុនផលិត iPhone មួយនេះ បានរំលោភប៉ាតង់ចំនួន៥។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្ដីសម្រេចរបស់គណៈវិនិច្ឆ័យ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ គឺជាសវនាការលើកទី២ នៃជម្លោះបណ្ដឹងប៉ាតង់មួយនេះ ដោយនៅសវនាការដំបូងគណៈវិនិច្ឆ័យបានសម្រេចឱ្យក្រុមហ៊ុន Apple បង់ប្រាក់ ៥០៦លានដុល្លារ ប៉ុន្តែចៅក្រមរដ្ឋតិចសាស់បាន ស្នើសុំ ឱ្យ មានការស៊ើបអង្កេតម្ដងទៀត និងបើកសវនាការជាលើកទី២។

ពាក់ព័ន្ធនឹងបណ្ដឹងនេះផងដែរ ក្រុមហ៊ុន Apple បានលើកឡើងថា ក្រុមហ៊ុន Optis Wireless Technology LLC បានកាន់កាប់នូវ ប៉ាតង់ជាច្រើនពាក់ព័ន្ធនឹងបច្ចេកវិទ្យា Wireless ប៉ុន្តែក្រុមហ៊ុនមួយនេះមិនបានបង្កើតជាផលិតផល ឬសេវាកម្មផ្សេងៗ ដែល ពាក់ព័ន្ធ នឹង ប៉ាតង់ទាំងនោះឡើយ ផ្ទុយទៅវិញក្រុមហ៊ុន Optis Wireless Technology LLC អង្គុយរងចាំមើលតែក្រុមហ៊ុនណាដែលបានប្រើប៉ាតង់ របស់ខ្លួន នឹងប្ដឹងទាមទារប្រាក់សំណងតែម្ដង ពោលគឺយកការប្ដឹងមកធ្វើជាអាជីវកម្ម។

ក្រុមហ៊ុន Apple បានស្នើសុំគណៈវិនិច្ឆ័យឱ្យធ្វើការស៊ើបអង្កេត និងធ្វើសម្រេចជាថ្មី ពាក់ព័ន្ធនឹងករណីនេះ ខណ:ដែល Apple មិនបាន សារភាពថាខ្លួនបានរំលោភលើប៉ាតង់ដូចការចោលប្រកាន់នោះទេ៕