(ភ្នំពេញ)៖ កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត បានធ្វើការចែកជូនអង្ករជាង ២តោនដល់ប្រជាពលរដ្ឋខ្វះខាតនៅស្រុករបស់ខ្លួន នាភូមិក្រញ៉ូងសែនជ័យ ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

កម្មវិធីសប្បុរសធម៌របស់ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ ខាងលើបានចាប់ផ្ដើមកាលពីថ្ងៃទី១៥ ខែសីហាម្សិលមិញ ស្របពេល អ៊ូមើត និងកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ៤រូបផ្សេងទៀតបានធ្វើដំណើរពីប្រទេសថៃមកកម្ពុជានាពេលថ្មីៗ ដើម្បីត្រៀមស្នើសុំឯកសារ ពិសេសទិដ្ឋាការ (Visa) ធ្វើដំណើរទៅអឺរ៉ុប ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិមួយ នៅប្រទេសអ៉ីតាលីនាខែកញ្ញាខាងមុខ។

សាលី អ៊ូមើត បានបញ្ជាក់ថា នេះមិនមែនជាលើកដំបូងដែលខ្លួនបានរៀបចំកម្មវិធីសប្បុរសធម៌ជូនអ្នកស្រុកនោះទេ ពោលគឺរៀងរាល់ឆ្នាំ តាំងពីមុនរូបគេដណ្ដើមបានមេដាយមាសកីឡាអាស៊ី គេតែងតែងចំណាយថវិកាផ្ទាល់ដែលទទួលបានពីការប្រកួត ប្រាក់ឧបត្ថម្ភ និងប្រាក់ខែរបស់ខ្លួននៅថៃ ដើម្បីទិញសម្ភារៈផ្សេងៗចែកជូនប្រជាពលរដ្ឋខ្វះខាត ទោះបីមិនបានមកផ្ទាល់ ក៏ខ្លួនផ្ញើតាមរយៈម្ដាយដែរ។

អូមើត បន្ដថា ចំពោះការចែកអង្ករពេលនេះវិញ ដោយសារខ្លួនមើលឃើញពីការខ្វះខាតក្នុងបរិបទកូវីដ-១៩ ដូច្នេះដំបូងឡើយ ខ្លួនបានទិញអង្ករ ២តោន សម្រាប់ឲ្យប្រជាពលរដ្ឋខ្វះខាត (ភ្ជាប់ជាមួយប័ណ្ណក្រីក្រ) មកបើកនៅផ្ទះម្ដាយរបស់ខ្លួនស្ថិតនៅទីតាំងខាងលើ ដោយប្រកាន់ភ្ជាប់នូវវិធានសុវត្ថិភាព ៣ការពារ និង ៣កុំ តាមរយៈការចែកជូន ១គ្រួសារម្ដងៗ ដោយគ្រួសារនីមួយៗទទួលបានអង្ករ ៥០គីឡូក្រាមដូចគ្នា។

ប៉ុន្ដែដោយថ្ងៃដំបូង គ្រួសាររបស់ខ្លួនបានចែកអស់អង្ករ ២តោន ហេតុនេះ អ៊ូមើត ក៏បានបន្ថែមថវិកាឲ្យម្ដាយទិញអង្ករបន្ថែម សម្រាប់ចែកជូនប្រជាពលរដ្ឋខ្វះខាតផ្សេងទៀត ដែលគិតត្រឹមព្រឹកថ្ងៃទី១៦ ខែសីហានេះ សរុបអង្ករចែកជូនអ្នកស្រុករបស់ខ្លួនអស់ជាង ២តោនហើយ។ អ៊ូមើត បានសម្ដែងសេចក្ដីរីករាយជាខ្លាំង ដែលបានរួមចំណែកជួយដល់ការងារសង្គម ពិសេសប្រជាពលរដ្ឋខ្វះខាត អំឡុងវិបត្តិកូវីដ-១៩។

គួរបញ្ជាក់ថា សាលី អ៊ូមើត បានធ្វើដំណើរមកដល់កម្ពុជាកាលពីចុងខែកក្កដាកន្លងទៅ ខណៈក្រោយបញ្ចប់ការធ្វើចត្ដាឡីស័កភ្លាមៗ រូបគេបានចូលរួមកម្មវិធីបណ្ដុះបណ្ដាលមួយដែលរៀបចំដោយសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ដើម្បីចែករំលែកបទពិសោធហ្វឹកហាត់កីឡាករម៉ូតូទឹកដល់ក្រុមជម្រើសជាតិថ្នាលកាលពីសប្ដាហ៍មុន។ ដោយមានភារកិច្ចច្រើនត្រូវធ្វើ រូបគេមិនបានចូលរួមកម្មវិធីសប្បុរសធម៌ខាងលើដោយផ្ទាល់នោះទេ។

បច្ចុប្បន្ន អ៊ូមើត កំពុងស្ថិតនៅរាជធានីភ្នំពេញ ដើម្បីធ្វើការជាមួយសហព័ន្ធក្នុងការស្នើសុំទិដ្ឋាការ (Visa) ទៅប្រទេសអាល្លឺម៉ង់ ពិសេសប្រទេសអ៉ីតាលី ដែលកីឡាករម៉ូតូទឹកឆ្នើមកម្ពុជារូបនេះ ត្រូវចូលរួមការប្រកួតអន្ដរជាតិមួយនៅទីនោះ គឺកម្មវិធីប្រកួត Regione Sardegna Grand Prix of Italy ដែលត្រូវបានពន្យារពេលពីដើមខែកញ្ញា ទៅប្រកួតពីថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ៕