(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតកម្មខ្នាតអន្តរជាតិ គឺ Warner Music Group’s ADA Asia បានចុះកិច្ចព្រមព្រៀង ភាពជាដៃគូរួមសហការជាមួយ ក្រុមហ៊ុនផលិតកម្មបារមី (Baramey) ដែលជាក្រុមហ៊ុនតន្ត្រីលំដាប់ខ្ពស់មួយនៅកម្ពុជា ផ្ដោតទៅលើតន្រ្ដី «Original Music» ដែលតែងតែគាំទ្រ លើកស្ទួយ សិល្បករខ្មែរ ដែលមានទេពកោសល្យខ្ពស់។ នេះគឺជាលើកដំបូងបង្អស់ ក្នុងប្រវត្តិសាស្រ្ត ដែលមានក្រុមហ៊ុនតន្ដ្រីនៅប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀង ជាដៃគូរួមសហការ ជាមួយនឹងក្រុមហ៊ុនអន្តរជាតិ លំដាប់ថ្នាក់ខ្ពស់ (Major Labels) ដែលមានតែ៣ក្រុមហ៊ុនទេលើពិភពលោក។

Warner Music Group’s ADA Asia នឹងរួមដៃគ្នាជាមួយ ក្រុមហ៊ុនផលិតកម្មបារមី ដើម្បីលើកកម្ពស់ តន្ដ្រី និង សិល្បៈវប្បធម៏ខ្មែរ ទៅលើឆាកអន្តរជាតិ ដែលនឹងនាំយកឱកាសល្អៗ មកផ្តល់ឲ្យសិល្បករខ្មែរ តាមរយៈ ការចែកចាយតន្ដ្រី និង សិល្បៈខ្មែរទៅទីផ្សាអន្ដរជាតិ តាមប្រព័ន្ធឌីជីថល និង ផ្ដល់អាជ្ញាប័ណ្ឌ (sync licensing) ដែលនឹងនាំយកថវិកាអោយសិល្បករ នៅពេលបទចម្រៀងគាត់ ត្រូវបានជ្រើសរើសយកទៅប្រើ ក្នុងភាពយន្ត ឬ Media នៅលើពិភពលោក។

ក្រុមហ៊ុនផលិតកម្មបារមី បានបោះជំហានមុនគេ ក្នុងកាខិតខំលើកកម្ពស់ទេពកោសល្យសិល្បករ ជួយជំរុញឲ្យមានការរស់ឡើងវិញ នៃសិល្បៈតន្រ្ដី ក្រោយពីរបបព្រល័យពូជសាសន៍ នៅកម្ពុជា ដែលបានបំផ្លាញវិស័យសិល្បៈទាំងមូល ដែលធ្វើឲ្យសិល្បៈតន្រ្ដីខ្មែរស្ទើរតែបាត់បង់។ ផលិតកម្មបារមី បានបង្កើតវេទិកាមួយ សម្រាប់សិល្បករ ដើម្បីបញ្ចេញ បទចម្រៀងផ្ទាល់ខ្លួន ហើយជួយកាពារពីការលួចចម្លង តាមរយៈវេទិកា Original Music Movement។ ផលិតកម្ម បារមី បាននាំយកនូវគុណភាព ស្ដង់ដារកម្រិតអន្ដរជាតិ មកដល់វិស័យសិល្បៈ និង តន្រ្ដីនៅកម្ពុជា។

ពេលនេះ តន្រ្ដីករខ្មែរកំពុងបោះជំហានត្រលប់មករកភាពលេចធ្លោលើឆាកអន្តរជាតិវិញហើ។ សព្វថ្ងៃនេះ ក្រុមហ៊ុន ផលិតកម្មបារមី មានសិល្បករ សិល្បការិនី ដែលមានប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេស មានដូចជាក្រុម ក្មេងខ្មែរ (Kmeng Khmer) ជាអ្នកចម្រៀង Hip-Hop, សិល្បការិនី ក៏ជាស្ថាបនិក និងជាអ្នកស្វែករកជំហានថ្មីនៃតន្ត្រី Original Music នៅកម្ពុជា កញ្ញា ម៉ម ឡរ៉ា (Laura Mam), សិល្បការិនី R&B ដែលកំពុងពេញនិយម កញ្ញា កៅ សុហ្វៀរ (Sophia Kao) និងកំពូលតារា Hip-Hop Star ប្រចាំប្រទេស វណ្ណដា (VannDa)។

កញ្ញា ម៉ម ឡរ៉ា ដែលជាសិល្បការិនី ស្ថាបនិក និង ជានាយកប្រតិបត្ដិនៃក្រុមហ៊ុនផលិតកម្មបារមី បានឲ្យដឹងថា «វាគឺជាកិតិ្ដយសមួូយដ៏ធំ ដែលយើងបានចាប់ដៃគូ ជាមួយក្រុមហ៊ុន ADA Asia ដើម្បីចែកចាយតន្រ្ដីខ្មែរ ទៅកាន់ពិភព លោក។ កិច្ចព្រមព្រៀងនេះ ជាជំហានមួយដ៏ធំ សម្រាប់វិស័យសិល្បៈតន្ត្រីនៅកម្ពុជា ដោយយើងនឹងនាំយកឱកាស ថ្មីល្អៗ ដែលវាអាចនឹងផ្លាស់ប្តូរវាសនាសិល្បករខ្មែរផងដែរ។ កាលយើងបង្កើតក្រុមហ៊ុនបារមី ការចែក ចាយតន្រ្តីខ្មែរទៅបរទេសមិនដែលមាននោះទេ។ នាងខ្ញុំ ពិតជាមានមោទនភាព និង រីករាយក្រៃលែងដែល ក្រុមហ៊ុនបារមីយើង នឹងបាន ក្លាយជាផលិតកម្មដំបូងក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលចាប់ដៃគូជាមួយក្រុមហ៊ុនតន្រ្តីខ្នាតអន្ដរជាតិ ដើម្បីនាំយក តន្រ្ដី និង សិល្បៈវប្បធម៏ ពីប្រទេសយើងទៅកាន់ពិភពលោក» ។

លោក Josh Kahn នាយកប្រតិបត្ដិការផ្នែកអភិវឌ្ឍពាណិជ្ជកម្ម នៃក្រុមហ៊ុនផលិតបារមី បានបន្ថែមថា «ខ្ញុំពិតជារំភើប ដែលពួកយើងអាចចាប់ដៃគូជាមួយនឹងក្រុមហ៊ុន ADA Asia និងគ្រួសារ Warner Music នៅក្នុងកិច្ចព្រមព្រៀងដ៏ សំខាន់មួយនេះ។ វាពិតជាសំខាន់សម្រាប់ពួកយើង ក្នុងការស្វែងរកដៃគូ ដែលយល់ពីសារៈសំខាន់ នៃការកសាង ហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងអាស៊ីអាគ្នេយ៍ និងលើសពីនេះ សម្រាប់សិល្បកររបស់ពួកយើងផ្ទាល់។ ពួកយើងយល់ ឃើញថា នេះជាឱកាសដ៏ធំសម្រាប់តន្ត្រីរបស់យើង ហើយយើងពិតជារំភើបណាស់ ដោយយើងមានដៃគូដែលមាន គំនិត និងបំណងដូចគ្នា»

លោក Chee Meng Tan នាយកផ្នែកគ្រប់គ្រងនៅក្រុមហ៊ុន ADA Asia បានបន្ថែមពីលើនេះទៀតថា «ខ្ញុំជឿជាក់ថា ក្រុមហ៊ុន ADA Asia រួមជាមួយនឹងក្រុមហ៊ុនបារមី នឹងបង្កើត សហពលដ៏ខ្លៀវខ្លា ដែលនឹងអាចបើកទំព័រថ្មី នៅក្នុងប្រវត្តិ សាស្ត្រតន្ត្រី របស់ប្រទេសកម្ពុជា។ សិល្បៈតន្រ្ដី គឺគ្មានព្រំដែនកំណត់ ហើយទេពកោសល្យរបស់សិល្បករ សិល្បការិនី ខ្មែរ មានលក្ខណៈល្អពិសេស ដែលសាកសមនឹងទទួលបានការចាប់អារម្មណ៍នៅលើឆាកអន្ដរជាតិ។ ភាពជាដៃគូនេះ គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង គ្មានគូប្រៀប របស់ ADA Asia ដែលយើងអាចស្វែករកដៃគូដ៏ល្អ ដូចជាក្រុមហ៊ុន បារមីដ៏មានសមត្ថភាព និងមានចក្ខុវិស័យ ខាងចែកចាយដន្ត្រីទូទាំងតំបន់អាសុីទាំងមូល»

គួរជម្រាបថា ADA Asia មានការិយាល័យកណ្តាលនៅប្រទេសសិង្ហបុរី ហើយបានបង្កើតឡើងនៅខែញ្ញា ឆ្នាំ ២០២០ ដែលជាផ្នែក មួយ នៃយុទ្ធសាស្ត្រពង្រីកជាសកល របស់ ADA Worldwide ទូទាំងពិភពលោក។ ក្រុមហ៊ុនផលិតបារមី គឺជាផលិតកម្ម ទី ៥ ដែល ADA Asia បានចុះកិច្ចព្រមព្រៀងចាប់តាំងពីបើកដំណើរការមក បន្ទាប់ពីមានកិច្ច ព្រមព្រៀងជាមួយ ក្រុមហ៊ុនតន្រ្តីឈានមុខគេ នៅប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម។

កិច្ចព្រមព្រៀងនេះ ទទួលបានមកពីភាពជោគជ័យរបស់ ផលិតកម្មបារមី នៅដើមឆ្នាំនេះ ជាមួយនឹងបទ « Time to Rise» របស់វណ្ណដា ដែលមានការចូលរួមដោយ លោកគ្រូព្រឹទ្ធាចារ្យ គង់ ណៃ។ នេះ គឺជាបទចម្រៀងទី១ ក្នុងចំណោមបទចម្រៀងខ្មែរដំបូងគេ ដែលទទួលបានការគាំទ្រពីអន្តរជាតិ។ វីដេអូចម្រៀងមួយនេះ ក៏ជាវីដេអូចម្រៀង ដែលទទួលបានប្រជាប្រិយភាពច្រើនជាងគេបង្អស់នៅក្នុងប្រទេស ជាមួយនឹងការទស្សនាចំនួនជិត ៧០ លានដងលើ Youtube ។ លោក វណ្ណដា បានចេញបទចម្រៀងទោលថ្មី របស់គាត់ដែលមានចំណងជើងថា ១Catch Me If You Can» ដើម្បីជួយបើកទំព័រថ្មីនៃភាពជាដៃគូរវាង ក្រុមហ៊ុនផលិតបារមី ជាមួយនឹង ក្រុមហ៊ុន ADA Asia៕