(ភ្នំពេញ)៖ លោក ទេវនាថ ប្រធានគ្រប់គ្រងប្រតិបត្តិការ រោងភាពយន្ត Legend Cinema បានឲ្យដឹងថា ផែនការពង្រីកសាខារោងភាពយន្តរបស់ខ្លួននៅផ្សារទំនើប ជីប ម៉ុង សែនសុខ មកដល់ពេលនេះសម្រេចបានប្រមាណ៧៥% លើការតុបតែង និងដំឡើងឧបករណ៍ បញ្ចាំងភាពយន្តហើយ បើទោះបីជាមានការវាយប្រហារពីស្ថានភាពកូវីដយ៉ាងណាក្តី។

លោកបន្តទៀតថា មិនអាចប្រកែកបានថា វិស័យរោងភាពយន្តទូទាំងប្រទេសកម្ពុជា បានទទួលរងផលប៉ះពាល់ខ្លាំង ចាប់តាំងពីវិបត្តិកូវីដ បានកើតឡើងនៅកម្ពុជា តែអ្នកតំណាងរោងភាពយន្តរូបនេះមានក្តីរំពឹងទុកថា កម្ពុជា នឹងឆ្លងផុតពីវិបត្តិនេះក្នុងពេលដ៏ខ្លីខាងមុខ ក្រោមកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រសួងសុខាភិបាល និង ការចូលរួមពីប្រជាជនកម្ពុជាទំាងអស់គ្នា។

លោកក៏បានបង្ហើបតម្រុយខ្លះៗពីការត្រៀមខ្លួនបើកសម្ពោធរោងភាពយន្តសាខាថ្មីនៅ ផ្សារទំនើបជីប ម៉ុង សែនសុខម៉ល អាចនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២១ បើស្ថានភាពរាតត្បាតត្រូវបានគ្រប់គ្រង និងមានការអនុញ្ញាតពីរដ្ឋាភិបាលសម្រាប់វិស័យរោងភាពយន្ត។

រីឯខែ្សរភាពយន្តដែលនឹងត្រូវដាក់បញ្ចាំងក្នុងអំឡុងពេលបើកសម្ពោធនោះ ក៏បានត្រៀមរួចជាស្រេចផងដែរ ហើយរំពឹងថានឹងមានទស្សនិកជនដ៏ច្រើនកុះករ តម្រង់ជួរទិញសំបុត្រទស្សនាខ្សែរភាពយន្តទាំងនោះជាមួយនឹងការផ្តល់ជូនបន្ថែមនូវរង្វាន់កាដូរផ្សេងៗជាការអបអរសាទរ ដំណើរការរោងភាពយន្តសាខាថ្មីនេះ៕