(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជំរុញគ្រប់ភាគីពាក់ព័ន្ធ និងគណៈកម្មការជំនាញទាំងអស់ត្រូវសម្រួចឆន្ទៈបំពេញការងាររៀងៗខ្លួន ចាប់ពីឆ្នាំ២០២១ នេះតទៅ ដ្បិតជោគជ័យឆ្នាំ២០២១ គឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យនាឆ្នាំ២០២២ ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។

ការថ្លែងរបស់សម្ដេចពិជ័យសេនាខាងលើ បានធ្វើឡើងក្នុងសន្និបាតបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ដការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិ CAMSOC នៅថ្ងៃទី១៧ ខែសីហានេះ ដោយសម្ដេចបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលគួរជាទីមោទនៈក្នុងឆមាសទី១ និងការដាក់ចេញនូវទិសដៅការងារឆមាសទី២ ដែលរៀបចំដោយលេខាធិការដ្ឋាន CAMSOC ក៏ដូចជាបទអន្ដរាគមន៍បន្ថែមរបស់លោក ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ និងការចូលរួមមតិយ៉ាងផុសផុលរបស់សមាជិកអង្គសន្និបាត។

ចំពោះជោគជ័យក្នុងឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ សំដៅលើការខិតខំបំពេញការងារដោយចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ សមាជិក និងគណៈកម្មការជំនាញរបស់គណៈកម្មាធិការជាតិ CAMSOC ដែលបានជម្នះឧបសគ្គក្នុងបរិបទកូវីដ-១៩ ដើម្បីសម្រួចផែនការមេឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ ដោយហេតុនេះ សម្ដេចបានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធពួតដៃ និងសហការគ្នា បន្ដការអនុវត្តការងារ ពិសេសទិសដៅការងារឆមាសទី២ ដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះស៊ីហ្គេមជាប្រវត្តិសាស្ដ្រលើកដំបូង។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា «គណៈកម្មាធិការជាតិ CAMSOC ក៏ដូចជាគណៈកម្មការជំនាញពាក់ព័ន្ធទាំងអស់ ត្រូវប្ដេជ្ញាចិត្តប្រកបដោយឆន្ទៈមុតស្រួច និងត្រូវចាត់ទុកថា ផែនការសកម្មភាពនីមួយៗក្នុងឆ្នាំ២០២១ គឺជាភារកិច្ចដ៏មានសារៈសំខាន់ និងជាពេលវេលារៀបចំការប្រកួតស៊ីហ្គេម ដែលត្រូវយកចិត្តទុកដាក់ បំពេញភារកិច្ចគ្រប់ខ្លឹមសារ និងមុខងារដែលបានកំណត់ ព្រោះជោគជ័យឆ្នាំ២០២១ គឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ដែលជាឆ្នាំរៀបចំព្រឹត្តិការណ៍ស៊ីហ្គាម និងអាស៊ានប៉ារ៉ាហ្គេម»។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ផ្អែកលើស្មារតីនៃសន្និបាតខាងលើ បានផ្ដល់នូវធាតុចូលសំខាន់ៗជាច្រើន ពិសេសដោយមានការចង្អុលបង្ហាញពីសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលជាសក្ខីកម្មជំរុញការងារឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបាននូវភាពគត់មត់គ្រប់ជ្រុងជ្រោយ ក្នុងការសម្រួចគោលដៅត្រៀមខ្លួនទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ដ្រនៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៣ ខាងមុខ។

សូមរំឮកថា ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃរៀបចំពិធីបើក ដែលគិតត្រឹមថ្ងៃនេះ នៅសល់រយៈពេល ៦២៥ថ្ងៃទៀតប៉ុណ្ណោះ ខណៈពិធីបិទ នឹងរៀបចំនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា នឹងរៀបចំការប្រកួតពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣ ដដែល៕