(ម៉ូនិច)៖ នៅទីបំផុតម្ចាស់ជើងឯកពាន Bundesliga រដូវកាលមុន Bayern Munich បន្តលើកពានបើករដូវកាល German Super Cup 2021 នៅពេលយកឈ្នះគូប្រជែង Borussia Dortmund ក្នុងលទ្ធផល ៣-១ នៅរាត្រីឆ្លងចូលថ្ងៃពុធ ទី១៨ ខែសីហានេះ (ម៉ោងនៅកម្ពុជា)។
នេះជាលើកទី៥ ផងដែរសម្រាប់ក្រុមខ្លារខិនដែលឈ្នះពាន Super Cup ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ គ្រាដែលខ្សែប្រយុទ្ធស្នូល Robert Lewandowski រកបាន ២គ្រាប់ម្នាក់ឯង និងមិត្តរួមក្រុម Thomas Mueller រកបាន ១គ្រាប់ផងដែរ ដ្បិត Marco Reus រកបានតែ ១គ្រាប់វាយបកប៉ុណ្ណោះនៅឯកីឡដ្ឋាន Signal Iduna Park។
ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Lewandowski បានស៊ុតទៅលើអតីតក្លិបរបស់ខ្លួនដែលធ្លាប់ចំណាយពេល ៤រដូវកាលនៅចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ ក្នុងរយៈពេលត្រឹមតែ ១០នាទីប៉ុណ្ណោះចាប់ពីចុងវគ្គទី១ មក។
German Super Cup គឺត្រូវបានរៀបចំឡើងរវាងក្រុមជើងឯក Bundesliga រដូវកាលមុន Bayern Munich ដែលបន្តឈ្នះពានកម្រិតកំពូលអាល្លឺម៉ង់ ៩សម័យកាលជាប់ៗគ្នា ដែលត្រូវប៉ះ Borussia Dortmund ដែលជាជើងឯកពានកម្រិតទី២ DFB-Pokal នារដូវកាលមុន៕