(ម៉ានីល)៖ ម្ចាស់ខ្សែក្រវាត់ WBA របស់ហ្វីលីពីន Manny Pacquiao នឹងទទួលបានប្រាក់រង្វាន់ប្រមាណ ២៥លានដុល្លារត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងឡើងសង្វៀនប្រកួតទល់នឹង Yordenis Ugas នាថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។
ជំនួបដណ្តើមខ្សែក្រវាត់ WBA Welterweigth រវាង Pac Man និង Ugas នឹងធ្វើឡើងនៅសង្វៀនស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក នៅពេលតម្លៃខ្លួនគូប្រជែង Ugas មិនត្រូវបានប្រកាសឲ្យដឹងឡើយ តែអាចនឹងទទួលបានពាក់កណ្តាលនៃចំនួនសរុបរបស់ Pacquiao។ នេះបើយោងតាមការចេញផ្សាយដោយ AS.news។
បុរសវ័យ ៤២ឆ្នាំខាងលើនេះ ត្រូវបានគេរំពឹងថា នឹងទទួលបានប្រាក់ធានាចំនួន ៥លានដុល្លារ បន្ថែមលើប្រាក់រង្វាន់សរុបប្រហែល ២៥លានដុល្លារដោយអាស្រ័យទៅលើការលក់សិទ្ធិផ្សាយផងដែរ។ ចំនួននេះនៅទាបជាង Pac Man ដែលធ្លាប់រកបាននាពេលកន្លងមក និងទទួលបានរហូតដល់ទៅ ១២០លានដុល្លារពីការប្រកួតទល់នឹ់ង Floyd Mayweather ក្នុងឆ្នាំ២០១៧។
Manny Pacquiao ដែលបានការបង្ហាញខ្លួនជាលក្ខណៈប្រដាល់សកលអាជីពលើកដំបូងក្នុងឆ្នាំ១៩៩៥ នោះ គាត់បានក្លាយជាអ្នកប្រដាល់ដ៏សកម្មបំផុតម្នាក់នៅទូទាំងពិភពលោក។ រូបគេបានប្រកួត ១០ដងក្នុងឆ្នាំ និងនៅឆ្នាំ១៩៩៦ ជាមួយនឹងកំណត់ត្រា ១០-០ ដ្បិតគូប្រជែង Yordenis Ugas ក៏ជាជើងខ្លាំងម្នាក់ដែរ ដោយាប្រកួតបាន ៣០ដង និងចាញ់តែ ៤ដងប៉ុណ្ណោះ ក្រៅពីឈ្នះ ២៦ដង ជាមួយនឹងការផ្តួលដៃគូសន្លប់បាន ១២ដងទៀតផង៕